អាជ្ញាធរវៀតណាម បានប្រកាសថា ខ្លួនបានបង្ក្រាបផលិតផលប្រេងឆាក្លែងក្លាយជាច្រើន យីហោដែលផលិតដោយក្រុមហ៊ុនមួយ ដែលមានឈ្មោះថា GF Vietnam Food Co., Ltd។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន VN Express បានឲ្យដឹងថា អាជ្ញាធរសុវត្ថិភាពចំណីអាហារវៀតណាម កាលពីថ្ងៃទី១៥ ខែតុលា បានចេញការព្រមានថ្នាក់ជាតិ បន្ទាប់ពីប៉ូលីសខេត្ត ហុង យេន (Hung Yen ) បានបំបែក សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងក្រុមហ៊ុនខាងលើ ។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ប្រេងឆា ដែលផលិតនៅរោងចក្រ GF Vietnam មិនបានបំពេញតាមស្តង់ដារសុវត្ថិភាព ហើយត្រូវបានបញ្ជាក់ថា ក្លែងក្លាយ តាមរយៈការធ្វើតេស្តកោសល្យវិច្ច័យ ។ ផលិតផលប្រេងឆាដែលបញ្ជាក់ថា ក្លែងក្លាយ ហើយត្រូវបានចែកចាយពេញប្រទេសនោះគឺ យីហោ Chica, Tamin Gold, Goldmax, Tot និង Megafood ។ល។
នៅពេលនេះ អាជ្ញាធរវៀតណាម បានកំពុងតែដើរសម្អាតស្តុកនៅតាមកន្លែងចែកចាយនានានៅក្នុងប្រទេស ។ ដូច្នេះពលរដ្ឋកម្ពុជា ក៏គួរតែប្រុងប្រយ័ត្នផងដែរ ក្រែងផលិតផលទាំងនេះធ្លោយមកដល់កម្ពុជា ។ ពីព្រោះកំណើននៃការនាំចូលផលិតផលផ្សេងៗពីវៀតណាមកំពុងតែកើនឡើង ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ូលីសវៀតណាម បានរកឃើញករណីក្លែងបន្លំលើផលិតផលអាហារទ្រង់ទ្រាយធំជាច្រើន រួមទាំងការរឹបអូសប្រេងឆាក្លែងក្លាយចំនួន ៧១តោន និងអាហារបំប៉ន ចំនួន៤០តោន ៕
ចែករំលែកព័តមាននេះ