រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូកង់បី ដឹកទំនិញ មួយគ្រឿង ធ្វើដំណើរទៅលោតទឹកពីលើស្ពានខ្សែកាបឬស្សីកែវ ហើយលិចបាត់ បន្សល់ទុកតែម៉ូតូកង់៣ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នាវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២៥ នៅលើស្ពានខ្សែកាបឬស្សី កែវស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បុរសមានវិបត្តិរូបនោះ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ។ នៅលើស្ពាន បន្សល់ទុកតែស្បែកជើង នៅលើម៉ូតូកង់បី ដឹកទំនិញ មួយគ្រឿង តែប៉ុណ្ណោះ ។
តាមសាក្សីបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ គេឃើញបុរសរូបនោះ បានជិះម៉ូតូកង់បី ដឹកទំនិញគ្រឿងខាងលើធ្វើដំណើរឡើងស្ពានខ្សែកាបឬស្សីកែវ ក្នុងទិសដៅពីលិចទៅកើត។ នៅពេលធ្វើដំណើរមកដល់កណ្ដាលស្ពាន បានឈប់ចុះឈរមួយសន្ទុះ ស្រាប់តែតោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេ តែម្ដង ។
សាក្សីបានហើយដឹងទៀតថា នៅព្រឹកនោះ បន្ទាប់ពីលោតចុះទៅក្នុងទឹក គេឃើញបុរសរូបនោះ ហែលទឹកនិងរសាត់តាមខ្សែទឹកហូរ ក្រោយមកលិចបាត់ ដោយពុំមានទូកចេញទៅសង្គោះឡើយ។ ទោះបីជាយ៉ាងណាគេពុំដឹងថា បុរសរូបនោះមានវិបត្តិអ្វីឡើយ បានជាគិតខ្លីបែបនេះ។ បន្ទាប់ពីភ្ញាក់ផ្អើល សមត្ថកិច្ចនគរបាល ក៏បានទៅនាំយកម៉ូតូកង់បី មករក្សាទុកនៅប៉ុស្តិ៍ ដើម្បីរង់ចាំបងប្អូនសាច់ញាតិ ឬក្រុមហ៊ុនមកទទួលយកវិញ ៕



ចែករំលែកព័តមាននេះ