រដ្ឋមន្ត្រីក្រសួងការបរទេសលោក Marco Rubio បានជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសថៃលោកសីហសក្តិ ភួងកេតកែវ (Sihasak Phuangketkeow) ។
នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Tommy Pigott នាយករងអ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក ដែលផ្សាយនៅវ៉េបសាយក្រសួងការបរទេសអាមេរិក នៅថ្ងៃទី១៩ ខែធ្នូ ។
លោកបាននិយាយថា លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះអំពើហិង្សាដែលកំពុងបន្តកើតមាននៅតាមបណ្តោយព្រំដែនកម្ពុជា និងបានបញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការបន្ទាន់ ក្នុងការកាត់បន្ថយភាពតានតឹង ។
លោករដ្ឋមន្ត្រី Rubio ក៏បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសលោក សីហសក្តិ ចាត់វិធានការជាក់ស្តែងដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងឱ្យប្រទេសថៃត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ (Kuala Lumpur Peace Accords) ឡើងវិញ។
អាមេរិកបានបញ្ជាក់ជំហរនេះ ខណៈថៃនៅតែបន្តវាយប្រហារឈ្លានពានមកលើកម្ពុជា។ សហគមន៍អន្តរជាតិកាន់តែច្រើនឡើងៗ កំពុងចាត់វិធានការដើម្បីអោយកម្ពុជានិងថៃមានបទឈប់បាញ់ពិតប្រាកដ និងអនុវត្តសេចក្តីប្រកាសរួម ដើម្បីសន្តិភាពដែលសម្រេចបានកន្លងមក ៕
ចែករំលែកព័តមាននេះ