សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានបើកការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសក្តិ ភួងកេតកែវ (Sihasak Phuangketkeow) ដោយជំរុញឱ្យថៃចាត់វិធានការជាក់ស្តែងដើម្បីបន្ធូរបន្ថយភាពតានតឹងតាមព្រំដែនជាមួយប្រទេសកម្ពុជា និងវិលត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឡើងវិញ។
យោងតាមការចេញផ្សាយពីក្រសួងការបរទេសអាមេរិក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈលោក Tommy Pigott អ្នកនាំពាក្យរងសំខាន់របស់ក្រសួងបានឱ្យដឹងថា លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបពិភាក្សា (តាមទូរស័ព្ទ) ជាមួយនឹងលោក ស៊ីហាសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ។ ជាលទ្ធផល លោក Marco Rubio បានគូសបញ្ជាក់អំពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកទាក់ទងនឹងអំពើហិង្សាជាបន្តបន្ទាប់ តាមបណ្តោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការកាត់បន្ថយភាពតានតឹង។
លើសពីនេះទៀត លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសថៃ ចាត់វិធានការជាក់ស្តែង ដើម្បីបន្ថយស្ថានការណ៍ និងឱ្យប្រទេសថៃវិលត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរឡើងវិញ។
គួររំលឹកថា ពាក់ព័ន្ធនឹងជម្លោះតាមព្រំដែនកម្ពុជា និងថៃ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្មីៗនេះ បានគំរាមថៃ និងកម្ពុជាជាមួយការដំឡើងពន្ធបន្ថែមទៀត ប្រសិនបើប្រទេសទាំងពីរមិនព្រមបញ្ឈប់ជម្លោះព្រំដែន។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក The Wall Street Journal ធ្វើឡើងនៅកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោក ត្រាំ បាននិយាយថា «ខ្ញុំទើបបានគំរាមពន្ធគយ កាលពី ១០ នាទីមុន មុនពេលការសម្ភាសន៍ ដើម្បីដោះស្រាយជម្លោះសាជាថ្មី ដែលបានកើតឡើងជាមួយនឹងថៃ និងកម្ពុជា។
ហើយខ្ញុំបានប្រាប់ពួកគេថា ប្រសិនបើអ្នកនៅតែបន្តសង្គ្រាម មិនត្រឹមតែខ្ញុំនឹងបំបែកកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលយើងមាននោះទេ ប៉ុន្តែខ្ញុំនឹងដំឡើងពន្ធគយលើប្រទេសរបស់អ្នកថែមទៀត»។ លោកបានបន្ថែមថា «គ្មាននរណាម្នាក់អាចធ្វើបែបនោះបានក្រៅពីខ្ញុំនោះទេ»។ នៅក្នុងបទសម្ភាសន៍នោះ លោកក៏បានអះអាងថា លោកប្រាកដណាស់ថា ពន្ធគយ គឺជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងគោលនយោបាយការបរទេសសម្រាប់រដ្ឋបាលរបស់លោក៕


ចែករំលែកព័តមាននេះ