ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) ឯកភាព​គ្នា កសាង​ទំនុកចិត្ត​ជាមួយ​គ្នា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) ​ទាំង​ពីរ​បាន​ឯកភាព​គ្នា ក្នុង​ការ​បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្នា ទោះ​ដោយ​ការ​ជួប​ផ្ទាល់ ឬ​តាម​ប្រព័ន្ធ​ទំនាក់ទំនង…

រាជធានី​ភ្នំពេញ ​៖ ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) ​ទាំង​ពីរ​បាន​ឯកភាព​គ្នា ក្នុង​ការ​បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្នា ទោះ​ដោយ​ការ​ជួប​ផ្ទាល់ ឬ​តាម​ប្រព័ន្ធ​ទំនាក់ទំនង ក្នុង​ន័យ​កសាង​ទំនុកចិត្ត​ជាមួយ​គ្នា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​ប្រធាន​ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) កងទ័ព​ភូមិភាគ​ទី​២​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥ ប្រធាន​ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) នៃ​យោធភូមិ​ភាគ​ទី​៤ កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​អនុប្រធាន​ក្រុម​លេខា នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) កងទ័ព​ភូមិភាគ​ទី​២ ថៃ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ​។

ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ ឧត្តមសេនីយ៍ត្រី និ​ត ណា​រ៉ុ​ង នាយសេនាធិការរង យោធភូមិ​ភាគ​ទី​៤ និង​ជា​ប្រធាន​ក្រុម​លេខា​និង​ប្រតិភូ​ភាគី​ថៃ​ដឹកនាំ​ដោយវរសេនីយ៍ឯក យុ​ត្ថា​សាត សេត​ថា​ឆៃ នាយ​រង​សេនាធិការ កងទ័ព​ភូមិភាគ​ទី​២ និង​ជា​អនុប្រធាន​ក្រុម​លេខាធិការ​ ។

ក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរ ​បាន​ពិភាក្សា​គ្នា​លើ​របៀបវារៈ​សំខាន់​ៗ​មួយ​ចំនួន នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់ RBC ដើម្បី​រៀបចំ​ឱ្យ​ក្លាយទៅជា​សកម្មភាព​ជាក់ស្តែង​ប្រកបដោយ​ស្ថាបនា ស្រប​តាម​ស្មារតី​ នៃ​ការ​ប្រគល់​ភារកិច្ច​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ រួម​ទាំង​ខ្លឹមសារ​ដែល​បាន​ឯកភាព​គ្នា​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​១ គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥ រវាង​យោធភូមិ​ភាគ​ទី​៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ នៃ​ព្រះរាជាណាចក្រ​ថៃ​ ។

ជា​លទ្ធផល ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ក្នុង​ការ​បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្នា ទោះ​ដោយ​ការ​ជួប​ផ្ទាល់ ឬ​តាម​ប្រព័ន្ធ​ទំនាក់ទំនង ក្នុង​ន័យ​កសាង​ទំនុកចិត្ត​ជាមួយ​គ្នា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

គួរ​រំលឹក​ផង​ដែរ​ថា កិច្ចប្រជុំ​នេះ គឺ​បាន​កើត​ចេញពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​សម្រេច​ឱ្យ​បាន​នូវ​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ ដែល​ភាគី​ទាំង​ពីរ​បញ្ជាក់​សា​ជា​ថ្មី​អំពី​ការ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​នេះ ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព ក៏​ដូច​ជា​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​ភាព​តានតឹង​តាម​បណ្តោយ​ព្រំដែន ព្រមទាំង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​សំដៅ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ និង​ឈាន​ដល់​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​បាន​ឆាប់រហ័ស ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ