រាជធានីភ្នំពេញ៖ អតីតពលករត្រឡប់មកពីថៃ កញ្ញា វីដ ស្រីណែត បានប្រាប់ថា ខ្លួនបានទទួលការងារធ្វើក្នុងស្រុកតាមរយៈការទាក់ទងទៅលេខ ១២៩៧ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានជួយសម្របសម្រួលស្វែងរកការងារជូន។
នៅក្នុងទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៥ កាលពីថ្ងៃទី១៨ ខែធ្នូ កញ្ញា វីដ ស្រីណែត បានឱ្យដឹងថា ខ្លួនមានស្រុកកំណើតនៅខេត្តកណ្ដាល និងធ្លាប់បានទៅធ្វើការងារនៅប្រទេសថៃរយៈពេល ២ឆ្នាំ នៅរោងចក្រសាច់មាន់។

កញ្ញា បន្តថា បន្ទាប់ពីទទួលបានព័ត៌មានអំពីជម្លោះព្រំដែនជាថ្មីរវាងកម្ពុជា និងថៃនោះ ខ្លួនក៏សម្រេចចិត្តត្រឡប់មកកម្ពុជាវិញ នៅខែសីហា ឆ្នាំ២០២៥ ដោយពេលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិដូង កញ្ញា ទទួលបានការស្វាគមន៍ និងការយកចិត្តទុកដាក់ពីមន្ត្រីក្រសួងការងារ ក៏ដូចជាអាជ្ញាធរយ៉ាងកក់ក្ដៅ ក្នុងនោះមានការចែកអាហារ ទឹកសុទ្ធ ការជួយជញ្ជូនអីវ៉ាន់ និងរថយន្ដដឹកជញ្ជូនទៅស្រុកកំណើតដោយឥតគិតថ្លៃ។
កញ្ញា បន្ថែមថា នៅពេលទៅដល់ស្រុកកំណើតភ្លាម អាជ្ញាធរភូមិ ឃុំ បានចុះមកសួរសុខទុក្ខ និងបានណែនាំអំពីឱកាសការងារក្នុងស្រុក តាមរយៈលេខ ១២៩៧ ដោយក្រសួងការងារ នឹងជួយស្វែងរកការងារជូន។ បច្ចុប្បន្ន ស្រីណែត កំពុងធ្វើការងារនៅរោងចក្រស្បែកជើងមួយកន្លែង នៅខេត្តកំពង់ស្ពឺ ដោយទទួលបានប្រាក់ឈ្នួលសមរម្យ។

អតីតពលករត្រឡប់មកពីថៃរូបនេះ បានបន្ថែមបែបនេះថា «នាងខ្ញុំ ធ្វើការសព្វថ្ងៃនេះនៅកំពង់ស្ពឺ រោងចក្រស្បែកជើង សេមបូ ដែលខ្ញុំធ្វើការសព្វថ្ងៃនេះ បានប្រាក់ខែសមគួរល្មម ហើយការងារល្អផងដែរ ទាក់ទងតាមរយៈ ១២៩៧ ដែលបានណែនាំឱ្យខ្ញុំទៅធ្វើការ»។
កញ្ញា វីដ ស្រីណែត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងចង់ទៅធ្វើការងារនៅប្រទេសថៃ សូមបោះបង់គំនិតនោះចោល ព្រោះមានហានិភ័យខ្ពស់ណាស់ ដោយសារបច្ចុប្បន្នប្រទេសកម្ពុជា កំពុងមានជម្លោះជាមួយប្រទេសថៃ ប៉ុន្តែបងប្អូនអាចជ្រើសរើសទៅធ្វើការនៅប្រទេសផ្សេងទៀតបាន ដូចជាប្រទេសជប៉ុន ប្រទេសកូរ៉េ និងប្រទេសជាដៃគូសហការជាមួយរាជរដ្ឋាភិបាល ផ្សេងទៀត។
ស្រីណែត លើកឡើងដែរថា សម្រាប់ការងារក្នុងស្រុកវិញមានចំនួនច្រើន និងជាប្រភេទការងារល្អៗ ដែលបងប្អូនប្រជាពលរដ្ឋ និងអតីតពលករត្រឡប់មកពីថៃ អាចស្វែងរកធ្វើបាន ឬក៏អាចទាក់ទងក្រសួងការងារ តាមរយៈលេខ ១២៩៧ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន។ អតីតពលករមកពីថៃរូបនេះ លើកឡើងទៀតថា ការធ្វើការងារនៅក្នុងស្រុក ទទួលបានប្រាក់ឈ្នួលសមរម្យ ហើយក៏បានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផងដែរ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ