ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋក្រីក្រចំនួនជិត២០០គ្រួសាររស់នៅតាមតំបន់បឹងទន្លេសាប ទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អញ្ជើញប្រគល់អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះ ចំនួន ១៦៤គ្រួសារនៅ ឃុំកោះជីវាំង (បឹងទន្លេសាប) ក្នុងស្រុកឯកភ្នំ។
ការចែកអំណោយមនុស្សធម៌នាពេលនេះគឺ ដើម្បីជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ទាំង១៦៤គ្រួសារ ក្នុងនោះមានគ្រួសារទីទ័លក្រ ចាស់ជរា ជនមានពិការភាពចំនួន ១៥០គ្រួសារ និងគ្រួសារងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៤គ្រួសារ មកពីឃុំចំនួន២ លើបឹងទន្លេសាប ឃុំកោះជីង ១១៤គ្រួសារ ឃុំព្រៃចាស់ចំនួន ៥០គ្រួសារ ក្នុងស្រុកឯកភ្នំ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវ និងក្រើនរំលឹកដល់គ្រួសារប្រជាពលរដ្ឋទាំងអស់ មិនត្រូវនេសាទដោយខុសច្បាប់ ដូចជាប្រើប្រស់ឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង និងការប្រើសារធាតុពុល ដើម្បីនេសាទឡើយ និងជៀសវៀងការបំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានលុបបំបាត់គ្រឿងញៀន ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ ដើម្បីភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់មន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ចំពោះជនល្មើស បំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង និងកិច្ចការពារកន្លែងអភិរក្សជលផល ដោយបន្តការងារ បង្ក្រាបបទល្មើសជលផលជាប្រចាំ ពោលគឺត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដោយផ្តោតសំខាន់ ទៅលើបទល្មើសដែលបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង និងការប្រើសារធាតុពុល ដើម្បីនេសាទជាដើម៕
ចែករំលែកព័តមាននេះ