រាជធានីភ្នំពេញ៖ យោងតាមផេកនាយកដ្ឋានព័ត៌មានបានឱ្យដឹងថា មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៧ តុលា ឆ្នាំ២០២៥ បានបញ្ចូនជនជាតិកូរ៉េសរុបចំនួន៦៤នាក់ ក្នុងនោះ មានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យាឱ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដើម្បីឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចាត់វិធានការ និងអនុវត្តនីតិវិធីបន្ត។

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. បានបញ្ជាក់ថា ការបញ្ជូនជនជាតិបរទេសឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា មានការជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ គឺជាផ្នែកនៃការអនុវត្តនីតិវិធីច្បាប់ និងប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃយន្តការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ហើយដែលក្រសួងស្ថាប័នសមត្ថកិច្ចជំនាញ តែងតែអនុវត្តយ៉ាង ម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
កន្លងមក កម្ពុជាបានបញ្ជូនជនជាតិកូរ៉េចំនួន១៨០នាក់ ឱ្យត្រឡប់ទៅ សាធារណរដ្ឋកូរ៉េវិញរួចមកហើយ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែ បានស្នើការសហការពីអាជ្ញាធរសមត្ថកិច្ចនៃរដ្ឋាភិបាលកូរ៉េ ដើម្បីមកទទួល ជនជាតិរបស់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីបន្តចាត់វិធានការ។

ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលេខាធិការដ្ឋាន គ.ប.ឆ.ប. បានស្នើសុំ កិច្ចសហការជាមួយសមត្ថកិច្ចជំនាញនៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការបន្តស្រាវជ្រាវស៊ីជម្រៅ ដើម្បីឆ្ពោះទៅវែកមុខបណ្តាញអង្គការចាត់តាំង និងប្រភពដែលនៅពីក្រោយការឆបោកអនឡាញនេះ ដោយផ្អែកលើវត្ថុតាង ដែលអាជ្ញាធរកម្ពុជារឹបអូសបាន ក្នុងប្រតិប្រតិបត្តិការពីបណ្តារាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។
សូមរំលឹកជូនថា ក្នុងរយៈពេល៤ខែចុងក្រោយ ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រោមការចង្អុលបង្ហាញពី លេខាធិការដ្ឋានគ.ប.ឆ.ប. បានចុះពិនិត្យទីតាំងសង្ស័យ និងបានបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមគោលដៅចំនួន ៩២ទីតាំង ក្នុង ១៨ រាជធានីខេត្ត។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ប្រមាណ ៣ ៤៥៥ នាក់ មានចំនួន២០សញ្ជាតិ ។

ជាមួយគ្នានេះ សមត្ថកិច្ច ជំនាញបានបន្តនីតិវិធីចំពោះ ១០សំណុំរឿងធំៗក្នុងចំណោមសំណុំរឿង ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកអនឡាញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តកំពត ដោយបានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកសរុប ចំនួន៧៥នាក់ (ស្ត្រីចំនួន៥នាក់) ទៅតុលាការ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ ទន្ទឹមនេះ ជនបរទេសចំនួន ២ ៨២៥នាក់ ក្នុងនោះស្ត្រីចំនួន ៤៧៦នាក់ ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា ខណៈសមត្ថកិច្ចក៏បានជួយសង្គ្រោះជនរងគ្រោះឱ្យរួចផុតពីអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរ មនុស្សផងដែរ។
លទ្ធផលដែលទទួលបានខាងលើនេះបានបង្ហាញឱ្យឃើញនូវឆន្ទៈខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ខណៈដែលប្រទេសកម្ពុជា ក៏ជាប្រទេស រងគ្រោះពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា កាលពីថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៥ បានដាក់ចេញយុទ្ធនាការ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្តេចបានដាក់ឱ្យ អនុវត្តនូវបទបញ្ជាចំនួន៩ចំណុចសំខាន់ ក្នុងនោះសម្តេចធិបតីបាន សង្កត់ធ្ងន់ថា «អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃ ក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែង»។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ៕
ចែករំលែកព័តមាននេះ