ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​កូរ៉េ បង្កើត​ក្រុមការងារ Task Force ប្រឆាំង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥​នេះ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥​នេះ បាន​ទទួល​ជួប​ពិភាក្សា​ការងារ ជាមួយ​លោក​ជំទាវ គី​ម ជី​ណា (KIM JINA) អនុរដ្ឋមន្ត្រី​ទី​២ នៃ​ក្រសួងការបរទេស​សាធារណរដ្ឋ​កូរ៉េ និង​សហការី នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។

ភាគី​ទាំង​ពីរ បាន​ផ្លាស់​ប្ដូរ​យោបល់​ប្រកបដោយ​ការ​ស្ថាបនា​ត្រង់​ទៅ ត្រង់​មក ជាមួយ​គ្នា ក្នុង​ស្មារតី​សហប្រតិបត្តិការ​ខ្ពស់ ព្រមទាំង​បាន​ឯកភាព​លើ​ចំណុច​សំខាន់​ៗ ចំនួន​៣ ដើម្បី​ផ្ដល់​ថាមពល​បន្ថែម​ទៀត ដល់​កិច្ច​សហប្រតិបត្តិការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ។

ទី​១. ក្រសួងមហាផ្ទៃ​កម្ពុជា និង​ភាគី​កូរ៉េ នឹង​បង្កើត​ក្រុមការងារ Task Force ដូចដែល​កម្ពុជា ធ្លាប់​ធ្វើ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត ដើម្បី​ជំរុញ​សន្ទុះ​ការងារ​ឱ្យ​កាន់តែ​ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​កិច្ច​សហប្រតិបត្តិការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​។ ក្នុង​យន្តការ​នេះ លោក​ជំទាវ គី​ម ជី​ណា បាន​សន្យា​ថា ភាគី​កូរ៉េ នឹង​ផ្ដល់​ការ​គាំទ្រ​លើ​ការងារ​បណ្ដុះបណ្ដាល បំប៉ន​សមត្ថភាព ចែករំលែក​ព័ត៌មាន និង​ផ្លាស់​ប្ដូរ​បទ​ពិសោធ ជាមួយ​មន្ត្រី​ជំនាញ នៃ​ក្រសួងមហាផ្ទៃ​កម្ពុជា ។

២. ភាគី​កូរ៉េ នឹង​រៀបចំ​ផ្ដល់​បញ្ជី​មុខសញ្ញា​ឧក្រិដ្ឋជន រួម​ទាំង​ជនបរទេស​ជា​មេខ្លោង នៃ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ជូន​ក្រសួងមហាផ្ទៃ​កម្ពុជា ដើម្បី​កម្ពុជា ពិនិត្យ​ទិដ្ឋភាព​ច្បាប់​ដាក់​ក្នុង​បញ្ជីខ្មៅ ហាមប្រាម​ចូល​ប្រទេស​។ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ចាត់​ទុក​ការ​ផ្ដល់​ជូន​នេះ​ថា ជា​ស្នូល​សំខាន់​មួយ នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ រួម​ទាំង​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ​។ កម្ពុជា​នឹង​រៀបចំ​បញ្ជី​ឈ្មោះ​ឧក្រិដ្ឋជន​ទាំងនោះ ដាក់​ក្នុង​បញ្ជីខ្មៅ ហាមឃាត់​មិន​ឱ្យ​ចូល​ដែនដី​កម្ពុជា និង​បញ្ជា​ឱ្យ​សមត្ថកិច្ច​ប្រុង​ប្រយ័ត្ន និង​ឃាត់ខ្លួន​ភ្លាម​ៗ នៅ​តាម​បណ្ដា​ច្រក​ទ្វារ​ព្រំដែន ។

៣. ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោក​ជំទាវ គី​ម ជី​ណា បាន​ឯកភាព​គ្នា​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​រៀង​ៗ​ខ្លួន​បន្ថែម​ទៀត អំពី​គ្រោះថ្នាក់ នៃ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ព្រមទាំង​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​ផ្សេង​ទៀត រួម​គ្នា​ធ្វើ​ការងារ​នេះ​ឱ្យ​បាន​សកម្ម និង​គ្មាន​ទី​បញ្ចប់ ។

ក្នុង​ជំនួប​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បាន​ចាត់​ទុក​ទស្សនកិច្ច លោក​ជំទាវ គី​ម ជី​ណា និង​សហការី នៅ​ព្រះរាជាណាចក្រ​កម្ពុជា ថា​ជា សកម្មភាព​គំរូ និង​ឆ្លុះ​បញ្ចាំង​ពី​ភាព​ប្រាកដនិយម ក្នុង​កិច្ចសហការ​ប្រតិបត្តិការ​ដោះស្រាយ​បញ្ហា​រួម ពីព្រោះ​ជាក់ស្ដែង​ណាស់ ការ​ខិតខំ​ដោះស្រាយ​បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ មិនមែន​តែ​សម្រាប់​ប្រជាជន​កូរ៉េ ឬ​ប្រជាជន​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​មនុស្សជាតិ​លើ​ពិភពលោក​ទាំងមូល​ផង​ដែរ ។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​បញ្ជាក់​ថា កម្ពុជា បាន​អនុវត្ត​ច្បាប់​លើ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ឃាត់ខ្លួន​ឧក្រិដ្ឋជន និង​អ្នក​ពាក់ព័ន្ធ (​ភាគច្រើន​ជា​ជនបរទេស​) បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស អនុវត្ត​នីតិវិធី​បណ្ដេញ និង​បញ្ជូន​ចេញ​ទៅ​ប្រទេស​កំណើត​ជា​បន្តបន្ទាប់ ជា​ពិសេស​បាន​សហការ​ផ្ដល់​ព័ត៌មាន អំពី​ខ្សែបណ្ដាញ​មេខ្លោង និង​ប្រតិបត្តិការ​សម្អាត​ប្រាក់ ទៅ​កាន់​ប្រទេស​ក្នុង​និង​ក្រៅ​តំបន់​ជា​ច្រើន​ករណី​។ ប៉ុន្តែ​ជា​ប្រការ​គួរ​ឱ្យ​សោកស្ដាយ លទ្ធផល​នេះ ត្រូវ​ប្រទេស និង​អង្គការ​អន្តរជាតិ​ខ្លះ ផាត់​ចោល ប៉ុន្តែ​ព្យាយាម លាប​ពណ៌​ដាក់បន្ទុក ទាំង​ធាតុ​ពិត ប្រភព​នៃ​បញ្ហា មាន​ភាព​ប្រទាក់ក្រឡា​ជាមួយ​សមត្ថកិច្ច​ពួក​គេ​ដែរ ។

ក្នុង​ន័យ​នេះ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត សង្ឃឹមថា លោក​ជំទាវ​អនុរដ្ឋមន្ត្រី​ទី​២ នឹង​ចូលរួម​ផ្ដល់​ព័ត៌មាន​ពិត​ទៅ​កាន់​ថ្នាក់ដឹកនាំ អ្នក​សារព័ត៌មាន និង​ប្រជាជន​កូរ៉េ អំពី​ស្ថានភាព​ជា​រួម​នៅ​កម្ពុជា ដែល លោក​ជំទាវ និង​សហការី បានឃើញ បាន​ស្វែង​យល់ និង​បាន​ទទួល​ព័ត៌មាន ពី​ដំណើរ​ទស្សនកិច្ច​នេះ​។

លោក​ជំទាវ គី​ម ជី​ណា អនុរដ្ឋមន្ត្រី​ទី​២ នៃ​ក្រសួងការបរទេស​សាធារណរដ្ឋ​កូរ៉េ បាន​ជម្រាប ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ថា ជា​ការ​ពិត ឧក្រិដ្ឋជន នៃ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ មាន​ខ្សែបណ្ដាញ​ធ្វើ​សកម្មភាព​ទូលំទូលាយ ចេញពី​គ្រប់​ទីកន្លែង និង​បណ្ដាល​ឱ្យ​មាន​ជន​រង​គ្រោះ​ស្ទើរ​គ្រប់​ប្រទេស ដែល​ទាមទារ​ជា​ចាំបាច់ នូវ​កិច្ច​សហប្រតិបត្តិការ​ដោះស្រាយ​ទ្វេរ​ភាគី ឬ​ជាស​កល ។

ជា​ការ​កត់សម្គាល់ លោក​ជំទាវ បាន​ជម្រាប ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អំពី​ការ​ចាប់អារម្មណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ចំពោះ​ទិដ្ឋភាព​ប្រទេស​កម្ពុជា ដែល​លោក​ជំទាវ ទើបបាន​ឃើញ​ផ្ទាល់​ភ្នែក​ជា​លើក​ដំបូង ដោយ​ពោល​សរសើរ​ក្នុង​ន័យ​ដើម​ថា «​កម្ពុជា ជា​ប្រទេស​ដ៏​ស្រស់​ស្អាត និង​មាន​វប្បធម៌​ដ៏​ជ្រាលជ្រៅ​»​។ លោក​ជំទាវ ថែម​ទាំង​បាន​បញ្ជាក់​ពី​គម្រោង​នាំ​ក្រុម​គ្រួសារ មក​ទស្សនា​ប្រទេស​កម្ពុជា​ដោយ​ក្ដី​រីករាយ ជា​លក្ខណៈ​ឯកជន នា​ពេល​ខាង​មុខ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ