រាជធានីភ្នំពេញ ៖ អាជ្ញាធរ និងមន្ត្រីជំនាញចាប់ផ្តើមធ្វើការវាយរំលំអគារអតីតសណ្ឋាគារ«អង្គរមានជ័យ»ហើយ ក្រោយធ្វើពិធីក្រុងពាលី សែនព្រេន នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ ។
ឯកឧត្តម យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីលោក ឌីរ័ត្ន ខេមរុណ អភិបាលរង តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំក្រុមការងារ ដើម្បីរៀបចំពិធីក្រុងពាលី តាមបែបសាសនា សុំសេចក្ដីសុខ ពីម្ចាស់ទឹកដី ដែលនៅថែរក្សាអគារអតីតសណ្ឋាគារ «អង្គរមានជ័យ» ដើម្បីដំណើរការគ្រឿងចក្រវាយរំលំ ។
តាមការបញ្ជាក់ពីលោក សុខ ស៊ីធារ៉ា អគ្គនាយកក្រុមហ៊ុនបានបញ្ជាក់អោយដឹងថា ដំណើរការវាយអគារខាងលើនេះ មានរយៈពេល៤៥ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ហើយបន្ទាប់ពីមានការសែនព្រេនរួចរាល់ ក្រុមការងាររបស់ក្រុមហ៊ុនទទួលម៉ៅការសាជីវកម្ម ពិស្ណុការ អន្តរជាតិ នឹងចាប់ផ្តើមភ្លាមៗ ពីការវាយជញ្ជាំងតាមជាន់នីមួយៗ រួចទើបវាយប្លង់សេ រហូតទាល់តែអស់គ្រប់ជាន់តែម្តង ដែលការវាយកម្ទេចនេះ ធ្វើយ៉ាងណា រួចជាស្ថាពរក្នុងរយៈពេល៤៥ថ្ងៃ ។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់បន្ថែមថា មកទល់ពេលនេះ មាន៦៥គ្រួសារ ក៏បានរើសសម្ភារៈចេញពីអគាររួចរាល់ផងដែរ ។ ដោយក្រសួងរៀបចំដែនដី បន្តដោះស្រាយជូនគាត់ នៅទីស្តីការក្រសួង ។
គួរបញ្ជាក់ផងដែរថា អគារអតីតសណ្ឋាគារ «អង្គរមានជ័យ» ត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារមានអាយុ៧៥ឆ្នាំមកហើយ ស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕










ចែករំលែកព័តមាននេះ