រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ម្តងទៀតដល់អាជ្ញាធរមូលដ្ឋានអំពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យទាល់តែអស់ពីកម្ពុជា ដោយមិនបង្អង់ដៃ និងមិនលើកលែងឡើយ ។នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតីបានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន និងកងនគរបាលជាតិ ដែលបានខិតខំបំពេញភារកិច្ចបានល្អ ក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលធំៗជាបន្តបន្ទាប់ ។
ទន្ទឹមនឹងនោះ សម្តេចបានផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ជាថ្មីម្តងទៀត ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដោយមិនអនុញ្ញាតឱ្យបញ្ហានេះ មកបំផ្លាញមុខមាត់របស់ប្រទេសជាតិបន្តទៀតជាដាច់ខាត ។
ឯកឧត្តមលើកឡើងថា ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មានប្រសិទ្ធភាព និងសង្គតិភាព រាជរដ្ឋាភិបាលបានបង្កើតក្របខណ្ឌគតិយុត្តជាច្រើនដើម្បីធានាថា ការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចប្រព្រឹត្តទៅដោយត្រឹមត្រូវតាមនីតិវិធីនិងគ្មានការខ្វះចន្លោះ ។ កម្រងលិខិតបទដ្ឋានគតិយុត្តទាំងនោះ មានដូចជា ៖
១-ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីបំពេញចន្លោះប្រហោងតាមរយៈការបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ និងបង្កើនទោសធ្ងន់ជាងមុនដើម្បីធានាថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយបែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញ ។
២-បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ៣-អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និង ៤-ប្រកាសអន្តរក្រសួងស្តីពីបែបបទ និងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់ ប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា ក៏ដូចជារបស់តំបន់ និងពិភពលោក ។
ក្នុងន័យនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ចង់ឃើញការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដើម្បីរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់ប្រព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបាន ។
បើតាមអ្នកនាំពាក្យដដែលបានឱ្យដឹងថា និយាយជារួម ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតបំផុតរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូល ពោលគឺទាំងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សុទ្ធតែបានបង្ហាញការតាំងចិត្តខ្ពស់បំផុត និងវិធានការម៉ឺងម៉ាត់បំផុតប្រឆាំង Online Scams ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ល្អប្រពៃរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាលុបបំបាត់ក្តីបារម្ភនានារបស់វិនិយោគិន និងអ្នកទេសចរបរទេស។
ដូច្នេះ គ្មានឧបសគ្គអ្វីអាចមករារាំងប្រតិបត្តិការរបស់រាជរដ្ឋាភិបាល និងឆន្ទៈដ៏មុតស្រួចរបស់ថ្នាក់ដឹកនាំកម្ពុជាបានឡើយ ៕
ចែករំលែកព័តមាននេះ