រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងទាក់ដៃចង្កូតគ្នា បណ្តាលឲ្យបុរសជាទាហានទ័ពពិសេសម្នាក់ស្លាប់នៅកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតរងរបួស នៅវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវបេតុង កែងផ្លូវ មហាវិថីឈ្នះឈ្នះ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ថុន ចន្ទ័រិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជាទាហាន ឋានន្តរសក្តិពលទោនៃអគ្គបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ។ មានស្រុកកំណើត ភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Honda dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HJ-2790 ។
ដោយឡែកភាគីម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា ជិះម៉ូតូធន់ធំ ម៉ាក yamaha MSLAZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1L-0940 ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះដែលស្លាប់ បានជិះម៉ូតូម៉ាក honda dream ពណ៌ខ្មៅធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែបុរសម្នាក់ទៀត បានជិះម៉ូតូធន់ធំ ម៉ាក yamaha MSLAZ ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅបញ្ច្រាសគ្នាពីកើតទៅលិច ជ្រុលទៅទាក់ដៃចង្កូតគ្នាបណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលបោកទៅផ្លូវ បណ្ដាលជនរងគ្រោះជិះម៉ូតូ honda dream បោកក្បាលទៅនឹងផ្លូវហូរឈាមស្លាប់តែម្ដង ។ ដោយឡែកបុរសជាជិះម៉ូតូធន់ធំរបួសតិចតួច ត្រូវបានសមត្ថកិច្ចឃាត់ប្រគល់អោយផ្នែកជំនាញ។
បន្ទាប់ពីកើតហេតុ យុទ្ធមិត្តរបស់ជនរងគ្រោះដែលស្លាប់ បានមកដល់កន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះបានត្រឡប់មកពីលេងផ្ទះ ហើយត្រឡប់ទៅបន្ទាយវិញ ក៍ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះទៅ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើលិខិតប្រគល់សពអោយសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំនែកមធ្យោបាយនិងអ្នកបើកម៉ូតូធំ ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍គោក រងចាំចាត់ការតាមនិតិវិធី ៕








ចែករំលែកព័តមាននេះ