ប្រទេសចិន ៖ ចិនទើបតែជួបប្រទះគ្រោះមហន្តរាយអណ្ដូងរ៉ែធំបំផុតមួយមិនធ្លាប់មានចាប់តាំងពី១៧ឆ្នាំមកហើយ។ នេះបើតាមសេចក្ដីរាយការណ៍កាលពីថ្ងៃទី២៣ ឧសភា របស់កាសែត STRAITS TIMES។ មុននេះ នាពេលយប់ថ្ងៃទី២២ឧសភា វេលាម៉ោង១៩និង៣០នាទីម៉ោងក្នុងស្រុក មានការផ្ទុះដ៏ខ្លាំងក្នុងអណ្ដូ្ងរ៉ែធ្យូងថ្ម LIUSHENY ភាគឦសានចិន ចម្ងាយប្រមាណជា៥០០គីឡូ
ម៉ែត្រពីក្រុងប៉េកាំង។

តាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា សរុបមនុស្ស២៤៧នាក់ ស្ថិតក្នុងអណ្ដូងរ៉ែពេលផ្ទុះរួចមនុស្សយ៉ាងតិច៩០នាក់បានត្រូវស្លាប់។ មុននេះ កាសែតហុងកុង SOUTH MONING POST រាយការណ៍ពីមនុស្សស្លាប់៨នាក់ តែចំនួនជនរងគ្រោះកើនឡើងយ៉ាងលឿន។ តាមព័ត៌មានដំបូងៗថា ការប្រកាសអាសន្នពីការធ្លាយសារធាតុ មូណូស៊ីដដឺកាបោនជាឧស្ម័នពុលមួយគ្មានក្លិននិងគ្មានពណ៌ត្រូវបានរាយការណ៍មុនការផ្ទុះ។
មានប្រតិកម្មចំពោះគ្រោះមហន្តរាយនោះប្រធានាធិបតីចិនលោកស៊ីជីនពីង ស្នើដល់បណ្ដាអ្នកជួយសង្គ្រោះ ឲ្យធ្វើអ្វីៗគ្រប់យ៉ាងនិងឲ្យមានការស៊ើបអង្កេតដ៏ហ្មត់ចត់មួយ។ បណ្ដាអ្នកទទួលខុសត្រូវសហគ្រាសដែលធ្វើអាជីវកម្មអណ្ដូងរ៉ែនោះ ត្រូវបានចាប់ខ្លួននិងឃុំឃាំង។ ខេត្តសាន់ស៊ីដែលមានអណ្ដូងរ៉ែធ្យូងថ្មLIUSHENYជាខេត្តក្រីក្រមួយរបស់ចិន តែត្រូវបានចាត់ទុកថាជារដ្ឋធានីធ្យូងថ្មចិន។

កាលពីដើមទសវត្សឆ្នាំ២០០០គ្រោះថ្នាក់មានមនុស្សស្លាប់ច្រើនកើតមានញឹកញាប់ក្នុងអណ្ដូងរ៉ែធ្យូងថ្មចិន។ បណ្ដាបទដ្ឋានសន្តិសុខត្រូវបានពង្រឹងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែសោកនាដកម្មនៅតែបន្តកើតមានជាប់រដឹក។ កាលពីឆ្នាំ២០២៣គ្រោះថ្នាក់បាក់មួយផ្នែកនៃអណ្ដូងរ៉ែធ្យូងថ្មនៅតំបន់ម៉ុងហ្គោលីក្នុង បណ្ដាលឲ្យមនុស្សស្លាប់៥៣នាក់។
កាលពីឆ្នាំ២០០៩ការផ្ទុះក្រោមដីមួយនៅភាគអាគ្នេយ៍ចិន បណ្ដាលឲ្យកម្មកររ៉ែជាង១០០នាក់
ស្លាប់។ ចំពោះគ្រោះមហន្តរាយអណ្ដូងរ៉ែកាលពីថ្ងៃទី២២ ឧសភា ចំនួនអ្នកស្លាប់អាចមានខ្ពស់ជាងនេះទៀត ។ គេនៅមិនទាន់ច្បាស់ថាតើនៅមានឬគ្មានមនុស្សជាប់កប់ក្នុងដី៕
ចែករំលែកព័តមាននេះ