ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកថ្លែងថានឹងមានការជួបគ្នារវាងគណៈប្រតិភូចិន និងអាមេរិកនៅសប្ដាហ៍ក្រោយដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មដែលមុនដំបូងរាងស្ងប់ស្ងាត់មួយសាហើយ ហើយឥឡូវនេះបញ្ហាចាប់ផ្ដើមឡើងកម្ដៅជាថ្មីបន្ទាប់ពីប្រទេសចិនរឹតត្បិតការនាំចេញរ៉ែកម្រទៅអាមេរិក និងបន្ទាប់ពីលោកត្រាំប្រកាសដំឡើងពន្ធគយ១០០%ថែមទៀតទៅលើទំនិញចិនបើចិនមិនព្រមបន្ធូរបន្ថយការរឹតត្បិតទេ។
ក្រុមការងាររបស់អាមេរិកដែលដឹកនាំដោយលោកស្កុតបឺសឹន(Scott Bessent) ជារដ្ឋមន្ត្រីក្រសួងរតនាគារ និងភាគីចិនដឹកនាំដោយលោកហឺលីហ្វឹង (He Lifeng) ជាឧបនាយករដ្ឋមន្ត្រីនឹងជួបគ្នានៅប្រទេសម៉ាឡេស៊ី។ លោកបឺសឹនប្រកាសឱ្យដឹងអំពីគម្រោងជួបគ្នានេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន។ លោកទើបតែសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោកហឺលីហ្វឹងកាលពីយប់មិញ។ លោកបឺសឹនបង្ហោះសារនៅលើបណ្ដាញអ៊ិចថាភាគីទាំង២នឹងចូលរួមកិច្ចពិភាក្សាគ្នាលម្អិត និងនិយាយត្រង់ទៅត្រង់មក។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់ចិនក៏បានផ្សាយអំពីគម្រោងជួបគ្នានេះផងដែរ។ ស៊ីនហួថាលោកហឺលីហ្វឹង និងលោកបឺសឹនបានសន្ទនាគ្នាតាមប្រព័ន្ធវីឌីអូពីចម្ងាយកាលពីយប់មិញប្រកបដោយភាពសាច់ការ ស៊ីជម្រៅ និងបែបស្ថាបនានៅក្នុងបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី។ លោកទាំង២ឯកភាពគ្នាថានឹងចរចាគ្នាជាថ្មីនាពេលឆាប់ៗនេះ។
រយៈពេលកន្លះឆ្នាំចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់ប្រទេសទាំង២ធ្លាប់ជួបគ្នានៅក្នុងទីក្រុងចំនួនបួននៅទ្វីបអឺរ៉ុបដើម្បីបន្ធូរបន្ថយភាពតានតឹង និងឈានដល់ការផ្អាកប្រយុទ្ធគ្នាមួយគ្រាៗ។ ដូច្នេះ គម្រោងដំឡើងពន្ធរហូតដល់១២៥%ក៏ត្រូវព្យួរទុកសិន។ កិច្ចព្រមព្រៀងព្យួរទុកការដំឡើងពន្ធនោះនឹងផុតសុពលភាពនៅថ្ងៃទី១០ ខែវិច្ឆិកា។ នេះបើយោងតាមការផ្សាយរបស់ពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ