ខេត្តកំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៦នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈជាច្រើនលើក ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ហើយបង្ហោះបង្អួតនៅលើបណ្តាញសង្គមហ្វេសប៊ុក។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមគោលការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។
ក្រោមការដឹកបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៦នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណ ជាច្រើនលើកនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ហើយបានបន្តបង្ហោះបង្អួតនៅលើបណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុកថែមទៀតផង។

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ក្មេងទំនើងទាំង៦នាក់ ដែលឃាត់ខ្លួនបាន មានឈ្មោះ៖ ទី១-ឈ្មោះ ឈឿន ភីសា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ សាយ សុខលៀភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិតាំងគម្ពី ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី៣-ឈ្មោះ រ៉េត សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រទីលំនៅបច្ចុប្បន្ន ភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី៤-ឈ្មោះ ភឿន កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិទំព័រមាស ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី៥-ឈ្មោះ អឿន រក្សាភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៦-ឈ្មោះ អេម សុជៀប ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្នភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ ដកហូតវត្ថុតាងបានរួមមាន÷ ម៉ូតូចំនួន០២គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿងនិង ម៉ាកNEX ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Z-7639 ចំនួន០១គ្រឿង)និងទូរស័ព្ទដៃចំនួន០៥គ្រឿងផងដែរ។
បច្ចុប្បន្ន ក្មេងទំនើងទាំង៦នាក់ត្រូវបានកម្លាំងជំនាញបានធ្វើការកោសក់ ណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាពទាំងនេះទៀត ហើយក៏បានឱ្យអាណាព្យាបាលមកធានាត្រឡប់ទៅលំនៅឋានវិញ ចំណែកម៉ូតូត្រូវបានដកហូតយកមករក្សាទុករយៈពេល០៣ខែបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបណ្តោះអាសន្នសិន។
ចែករំលែកព័តមាននេះ