ទីក្រុងប៉េកាំង៖ ថ្មីៗនេះ ប្រទេសចិនបណ្ដេញចេញពីក្របខណ្ឌបក្សកុម្មុយនិស្តរបស់ខ្លួននូវមន្ត្រីយោធាជាន់ខ្ពស់មួយចំនួន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិចិន។ នៅក្នុងចំណោមអ្នកដែលត្រូវបណ្ដេញចេញទាំងនោះក៏មានលោកហឺវៃតុង (He Weidong) ជាមន្ត្រីម្នាក់នៅក្នុងចំណោមអនុប្រធានគណៈកម្មការយោធា២នាក់នៃបក្សកុម្មុយនិស្តចិន។ លោកមៀវហួ (Miao Hua) ដែលជាស្នងការនយោបាយជាន់ខ្ពស់នៃកងទ័ពចិនក៏ត្រូវបណ្ដេញចេញពីបក្សផងដែរ។
ចំណាត់ការនេះធ្វើឡើងស្របពេលដែលប្រមុខដឹកនាំចិន លោកស៊ីជីនពីង បន្តចាត់វិធានការក្ដៅទៅលើអំពើពុករលួយ។ ជារួម អ្នកដែលត្រូវបណ្ដេញចេញលើកនេះមានចំនួនសរុប៩នាក់នៅក្នុងយុទ្ធនាការបោសសម្អាតផ្ទៃក្នុងបក្ស។ ពួកគេត្រូវបានចោទប្រកាន់ពីបទរំលោភធ្ងន់ធ្ងរទៅលើវិន័យរបស់បក្ស។ ពួកគេជាប់សង្ស័យពីបទប្រព្រឹត្តកំហុសធ្ងន់ធ្ងរក្នុងនាមជាមន្ត្រីផ្លូវការ។ មានសេចក្ដីរាយការណ៍ថាពួកគេពាក់ព័ន្ធនឹងចំនួនទឹកលុយយ៉ាងច្រើនសន្ធឹកសន្ធាប់។
សេចក្ដីប្រកាសរបស់ក្រសួងការពារជាតិបង្ហាញថាបទល្មើសដែលពួកគេប្រព្រឹត្តនោះមានកម្រិតធ្ងន់ធ្ងរធ្វើឱ្យប៉ះពាល់ខ្លាំងដល់មុខមាត់របស់បក្ស។ ការបើកយុទ្ធនាការរបស់លោកស៊ីជីនពីងដើម្បីកម្ចាត់មន្ត្រីពុករលួយ ឆបោក និងកំហុសដទៃទៀតកាលពីពេលកន្លងមកបាននាំទៅដល់ការបណ្ដេញចេញពីបក្សនូវមន្ត្រីរដ្ឋាភិបាលចិនរាប់ពាន់នាក់ ទាំងមន្ត្រីធម្មតា និងមន្ត្រីជាន់ខ្ពស់។
ចាប់តាំងឡើងកាន់អំណាចកាលពីឆ្នាំ២០១២ លោកស៊ីជីនពីងបើកយុទ្ធនាការកម្ចាត់អំពើពុករលួយដូចភ្លៀងរលឹម។ នៅក្នុងចំណោមសមាជិកបក្សកុម្មុយនិស្តចិនសរុបជាង៩៩លាននាក់ មន្ត្រីបក្សជាង៤លាននាក់ត្រូវស្ថិតនៅក្នុងការស៊ើបអង្កេត។ កាលពីខែមករា ឆ្នាំ២០២៥ លោកស៊ីជីនពីងថ្លែងថាអំពើពុករលួយជាគ្រោះគំរាមកំហែងដ៏ធំចំពោះបក្ស។ លោកប្ដេជ្ញាថាត្រូវតែបន្តបោសសម្អាតអំពើនេះដើម្បីឱ្យកម្មាភិបាល និងកងទ័ពមានភាពស្អាតស្អំ។ នេះបើយោងតាមការផ្សាយរបស់ញូស្វីក និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ