រាជធានីភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។ អង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ ។ ការណ៍នេះបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការមិនប្រើកម្លាំង និងការគោរពច្បាប់អន្តរជាតិ ។
ឯកឧត្តម ប្រាក់ សុខុន បានអោយដឹងថា តាមរយៈកិច្ចព្រមព្រៀងសន្តិភាព ដែលសម្រេចបានក្នុងកិច្ចប្រជុំនាថ្ងៃទី១៧ តុលា នៅម៉ាឡេស៊ីនោះ ភាគីថៃ ក៏បានយល់ព្រមដោះលែងទាហានកម្ពុជា ១៨នាក់ ដោយមិនរង់ចាំទៀតទេ និងបច្ចុប្បន្នស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន ។
កម្ពុជា និងថៃ បានសម្រេចលើឯកសារមួយដែលអាចហៅថា កិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីមានកិច្ចប្រជុំមួយនៅម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែតុលា រវាងរដ្ឋមន្ត្រីកាបរទេសកម្ពុជា និងថៃ ដោយមានរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និងមន្ត្រីជាន់ខ្ពស់អាមេរិក អ្នកសម្របសម្រួល ។ ឯកសារសន្តិភាព ឬកិច្ចព្រមព្រៀងសន្តិភាព មានចំណុចមួយចំនួនដូចជា ៖
-ការប្តេជ្ញាចិត្តរបស់ប្រទេសយើងទាំងពីរ ក្នុងការគោរពបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់
-ការគោរពគ្នាទៅវិញទៅមក ជាពិសេសការគោរពគោលការណ៍ នៃអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យរបស់ប្រទេសនីមួយៗ
-ការតាំងចិត្តសម្រាប់ការស្តារទំនុកទុកចិត្តរវាងគ្នាទៅវិញទៅមក (ការស្តារទំនាក់ទំនងការទូតឡើងវិញ ដោយសារកន្លងទៅយើងបានទម្លាក់កម្រិតការទូតមកត្រឹមថ្នាក់លេខាធិការរបស់ស្ថានទូត)
-ការរួមគ្នា និងសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងនោះក៏មានបញ្ហាការឆបោកតាមបច្ចេកវិទ្យា (Online Scam)
-ការបោសសម្អាតមីននៅតាមព្រំដែន (ក្រុមការងារនឹងធ្វើការកំណត់តំបន់ណាត្រូវដោះមុន តំបន់ណាត្រូវដោះក្រោយ)
-ការដកអាវុធធុនធ្ងន់ទាំងឡាយចេញពីព្រំដែន ហើយបញ្ជូនទៅកាន់មូលដ្ឋានទ័ពរៀងៗខ្លួនវិញ
-ភាគីថៃ នឹងដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវចាប់ខ្លួនតាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមិនរង់ចាំទៀតទេ
-ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
-ការគោរព នូវគោលការណ៍មិនប្រើប្រាស់កម្លាំង ដើម្បីដោះស្រាយបញ្ហាជម្លោះផ្សេងៗ
-ការអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណារួមគ្នាក្នុងឋានៈជាប្រទេសជិតខាងអចិន្ត្រៃយ៍ ក្នុងការស្តារទំនាក់ទំនងជាប្រក្រតីភាពឡើងវិញ នាំមកវិញនូវសុខសន្តិភាព វិបុលភាព សម្រាប់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ” ។
ជាមួយគ្នានេះដែរ ឯកឧត្តម ប្រាក់ សុខុន បានប្រាប់ទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី១៨ ខែតុលានេះថា ឯកសារនេះ នឹងត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា និងថៃ ដោយមានលោកដូណាល់ត្រាំ នឹងចូលរួមជាសាក្សី និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាម្ចាស់ផ្ទះ ។
ការចុះហត្ថលេខានេះ នឹងត្រូវធ្វើឡើងនៅពេល ដែលមេដឹកនាំអាស៊ាន លោកដូណាល់ត្រាំ និងមេដឹកនាំជាច្រើនប្រទេសទៀត នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានពីថ្ងៃទី២៦-២៨ ខែតុលា ៕




ចែករំលែកព័តមាននេះ