រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះថា ៖ ក្នុងនាមអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា ធនាគារជាតិ នៃកម្ពុជា បានសង្កតឃើញថា ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ មានអតិថិជននៅតាមធនាគារខ្លះ មានការបារម្ភ ហើយបានទៅដកប្រាក់របស់ខ្លួនវិញ ជាពិសេសនៅធនាគារ ព្រីនស៍ ម.ក.។
ធនាគារជាតិ នៃកម្ពុជា សូមជម្រាបជូនសាធារណជនថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ស្ថិតនៅក្រោមវិធានប្រុងប្រយ័ត្នយ៉ាងតឹងរឹង និងមានកម្រិតសន្ទនីយភាព(សាច់ប្រាក់)គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការសាច់ប្រាក់របស់អតិថិជន ។
ដោយឡែក ចំពោះព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយពាក់ព័ន្ធនឹងធនាគារ ព្រីនស៍ ម.ក. អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បាននិងកំពុងចាត់វិធានការត្រួតពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា ធនាគារនេះមានអនុលោមភាពត្រឹមត្រូវតាមច្បាប់កម្ពុជា ។
ទន្ទឹមនេះ ធនាគារជាតិ នៃកម្ពុជា បាននិងកំពុងចាត់វិធានការចាំបាច់នានា ដើម្បីធានាប្រតិបត្តិការជាប្រក្រតី នូវគណនីទាំងឡាយរបស់អតិថិជននៅធនាគារ ព្រីនស៍ ម.ក. និងជាពិសេស ដើម្បីធានា នូវសុវត្ថិភាពសាច់ប្រាក់របស់អតិថិជនរបស់ធនាគារនេះ ៕
ចែករំលែកព័តមាននេះ