រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ជំរុញឱ្យផលិតករវ័យក្មេងទាំងអស់បន្តការខិតខំប្រឹងប្រែងបណ្តុះ ការយល់ដឹងអំពីតម្លៃ និងឥទ្ធិពលនៃសិល្បៈភាពយន្ត ហើយរួមគ្នាខិតខំបង្កើតស្នាដៃថ្មីៗទាំង បរិមាណ និងគុណភាព ដើម្បីលើកស្ទួយវិស័យភាពយន្តជាតិឱ្យកាន់តែរីកចម្រើន។
យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៨ ខែតុលានេះ បានឱ្យដឹងថា ក្នុងឱកាសពិធីបើក មហោស្រពភាពយន្តខ្នាតខ្លីចតុមុខជំនាន់ទី១៤ កាលពីម្សិលមិញ ឯកឧត្ដម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា មហោស្រពភាពយន្តខ្លីចតុមុខ គឺជាវេទិការមួយដ៏មានសារៈសំខាន់ និង ចាំបាច់បំផុត ក្នុងការជំរុញលើកទឹកចិត្តដល់យុវជនដើម្បីបញ្ចេញនូវគំនិត ចែករំលែកផ្សព្វផ្សាយនូវព័ត៌មានដែលពួកគេមាន តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ហើយគឺជាជំហានដំបូងដែលនាំពួកគេឱ្យក្លាយជា ផលិតករ ភាពយន្ត។
ជាមួយគ្នានោះ ក្រសួងវប្បធម៌ គាំទ្រចំពោះការរៀបចំ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ និងសូមអំពាវឱ្យផលិតករវ័យក្មេងទាំងអស់បន្តការខិតខំប្រឹងប្រែងបណ្តុះ ការយល់ដឹងអំពីតម្លៃ និងឥទ្ធិពលនៃសិល្បៈភាពយន្ត ហើយរួមគ្នាខិតខំបង្កើតស្នាដៃថ្មីៗទាំង បរិមាណ និងគុណភាព ដើម្បីក្លាយជាអ្នកបន្តវេន និងធានានូវនិរន្តរភាព នៃការវិវត្តរីកចម្រើនវិស័យ ភាពយន្តជាតិ។
សូមបញ្ជាក់ជូនថា មហោស្រពភាពយន្តខ្លីចតុមុខ រៀបចំចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ខែតុលា ឆ្នាំ២០២៥ ដែលនឹងចាក់បញ្ចាំងភាពយន្តចំនួន៤១ចំណងជើងជូនទស្សនិកជនទស្សនាដោយសេរី៕
ចែករំលែកព័តមាននេះ