រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន គូសបញ្ជាក់ជាថ្មីថា ព្រលានយន្តអន្តរជាតិភ្នំពេញ (ព្រលានចាស់) មិនលក់ជាដាច់ខាតទៅឱ្យឯកជន ហើយមាន គម្រោងចំនួនពីរសម្រាប់បំម្រុងទុក ។

ថ្លែងក្នុងពិធីសម្ភោធដាក់ដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចបវរធិបតីបានគូសបញ្ជាក់ឲ្យដឹងថា ព្រលានយន្តអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង(ព្រលានចាស់)មិនលក់ឲ្យវិស័យឯកជននោះទេ គឺទុកជាកន្លែងរបស់រដ្ឋ ។ អាកាសចរណ៍ស៊ីវិលត្រូវបានទទួលជាអ្នកថែទាំព្រលានយន្តហោះចាស់នោះ ដោយមានការលើកឡើងថាចំណាយថវិការ៣លានដុល្លារសម្រាប់ការថែទាំសន្តិសុខ ។

សម្តេចបានបញ្ជាក់ថា ៖«ខ្ញុំសូមបញ្ជាក់ថា មិនលក់ឲ្យឯកជនណាមួយនោះទេ«…» មានការលើកឡើងថា ស្នើសុំគំនិតអភិវឌ្ឍន៍ផ្សេងៗ តែខ្ញុំមិនទទួលទេ ។ គោលការណ៍ក្នុងគោលគំនិតមាន២ គឺ១. បំម្រុងទុកសម្រាប់ចុះចតយន្តហោះម្តងម្នាល (នៅពេលមានកកស្ទះ ឬមានហានិយភ័យនៅព្រលានយន្តថ្មី) ។ ២.ធ្វើជាកន្លែងជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដូចជាកន្លែងសម្រាប់លំហែកាយ»៕
ចែករំលែកព័តមាននេះ