ក្រុងហុងកុង ៖ គ្រោះថ្នាក់នឹកស្មានមិនដល់មួយ បណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ កើតមានកាលពីព្រឹកព្រលឹមថ្ងៃទី២០ តុលា នៅព្រលានយន្តហោះ ក្រុងហុងកុង ដោយពេលចុះយន្តហោះដឹកជញ្ជូន១គ្រឿងបានបុករថយន្ត១គ្រឿងនៅលើដី។ នេះបើតាមការគូសបញ្ជាក់របស់ប៉ូលិសហុង
កុង។

ផ្នែកអាកាសចរណ៍ស៊ីវិលក្រុងហុងកុង ក្នុងសេចក្ដីប្រកាសមួយលើកឡើងថា យន្តហោះកាហ្គោមួយគ្រឿងធុនប៊ូអ៊ីង៧៤៧ ហោះមកពីអេមីរ៉ាត់អារ៉ាប់រួម ពេលចុះបានរត់ចេញពីផ្លូវប៉ះរថយន្តមួយរួចធ្លាក់ចូលក្នុងសមុទ្រ។
តាមព័ត៌មានដំបូងៗថា សមាជិកក្រុមយានិក៤នាក់នៃយន្តហោះនោះ ត្រូវបានជួយសង្គ្រោះនិងបញ្ជូនទៅមន្ទីរពេទ្យខណៈសមាជិក២នាក់នៃបុគ្គលិកនៅលើដីត្រូវយន្តហោះបុក ហើយធ្លាក់ចូលក្នុងសមុទ្រ។ មនុស្សម្នាក់នៅក្នុងយន្តហោះអាយុ៣០ឆ្នាំ ត្រូវបានប្រកាសថាស្លាប់នៅនឹងកន្លែង ហើយអ្នកជិះក្នុងយន្តហោះម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ អាជ្ញាធរគូសបញ្ជាក់ថា ផ្លូវខាងជើងនៃព្រលានត្រូវបិទបណ្ដោះអាសន្ន តែផ្លូវ២ទៀតនៅបន្តដំណើរការ។

បណ្ដារូបភាពនិងវីដេអូផ្សាយតាមបណ្ដាញសង្គមបង្ហាញតួយន្តហោះមួយផ្នែកលិចក្នុងទឹក ជាមួយនឹងការដាក់ពង្រាយបណ្ដាឧបករណ៍សម្រាប់ជម្លៀសមនុស្សចេញពីយន្តហោះ។ ផ្នែកខាងមុខនៃយន្តហោះនៅអណ្ដែតលើទឹកក្បែរមាត់ច្រាំង។ កន្ទុយយន្តហោះនោះបានបាក់។អ្នកនាំពាក្យម្នាក់នៃការិយាល័យដឹកជញ្ជូនក្រុងហុងកុងនិយាយថា ការស៊ើបអង្កេតមួយត្រូវធ្វើរកមូលហេតុនៃគ្រោះថ្នាក់នោះ៕
ចែករំលែកព័តមាននេះ