ទីក្រុងយេរូសាឡឹម៖ អ៊ីស្រាអែលថ្លែងនៅថ្ងៃនេះថាខ្លួនទើបតែបាញ់សម្លាប់ប្រធានថ្មីនៃក្រុមហាម៉ាស់ដែលមានសាខាប្រចាំនៅតំបន់ហ្កាហ្សាគឺលោកមហាមេត អូដេ (Mohammed Odeh) នៅក្នុងការវាយប្រហារកាលពីមួយថ្ងៃមុននេះ។ ពោលគឺការធ្វើឃាតលើកនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេលអ្នកកាន់តំណែងមុនលោកក៏ត្រូវបានអ៊ីស្រាអែលបាញ់សម្លាប់នៅក្នុងរូបភាពវាយប្រហារស្រដៀងគ្នានេះដែរ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបង្ហោះសារនៅលើបណ្ដាញអ៊ិចថាមេបញ្ជាការក្រុមភេរវកម្មហាម៉ាស់ប្រចាំតំបន់ហ្កាហ្សាត្រូវយើងកម្ទេចចោលហើយកាលពីម្សិលមិញ។ លោកព្រមានថាបក្សពួករបស់បុគ្គលរូបនេះក៏នឹងមានជោគវាសនាមិនខុសគ្នាប៉ុន្មានដែរ។ រហូតមកដល់ពេលនេះ ក្រុមហាម៉ាស់មិនទាន់ធ្វើអត្ថាធិប្បាយទៅលើរឿងនេះនៅឡើយទេ។ កាលពីមុននេះ អ៊ីស្រាអែលបានចេញសេចក្ដីថ្លែងការណ៍រួមរវាងលោកណឺតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ។

សេចក្ដីថ្លែងការណ៍នោះមានសេចក្ដីជាអាទិ៍ថា៖ ក្រោមការចង្អុលបង្ហាញពីលោកនាយករដ្ឋមន្ត្រីណឺតាន់យ៉ាហ៊ូ និងលោករដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល កាត់ (Israel Katz) កងទ័ពអ៊ីស្រាអែលទើបតែបើកការវាយប្រហារទៅលើមេបញ្ជាការក្រុមហាម៉ាស់នៅហ្កាហ្សាឈ្មោះមហាមេត អូដេ។ គាត់ជាមេបញ្ជាការថ្មីនៃក្រុមភេរវកម្មហាម៉ាស់ និងក៏ជាមេគំនិតម្នាក់នៅក្នុងផែនការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ផងដែរ។

ទីភ្នាក់ងារប្រជាការពារប្រចាំតំបន់ហ្កាហ្សាដែលបើកប្រតិបត្តិការជួយសង្គ្រោះក្រោមការគ្រប់គ្រងរបស់ហាម៉ាស់ថ្លែងថាស្ត្រីម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសទៅលើទីតាំងមួយនៃទីក្រុងហ្កាហ្សាភាគខាងលិច។ កាលពីពេលវាយប្រហារថ្ងៃទី៧ ខែតុលាការនោះ អូដេជាមេបញ្ជាការផ្នែកស៊ើបការណ៍សម្ងាត់របស់ហាម៉ាស់។ គាត់ជាអ្នកទទួលខុសត្រូវលើការសម្លាប់, ចាប់ពង្រត់ និងបង្ករបួសស្នាមទៅលើជនស៊ីវិលអ៊ីស្រាអែល និងទាហានអ៊ីស្រាអែល។ នេះបើតាមការអះអាងរបស់អ៊ីស្រាអែល៕ ប្រភព៖ Arab News

ចែករំលែកព័តមាននេះ