សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវសេចក្តីសង្ឃឹមថា ការដឹកជញ្ជូនតាមផ្លូវទឹក នឹងកាន់តែសកម្ម និងរស់រវើក នៅពេលដែលគម្រោងព្រែកជីកហ្វូណនតេជោ បញ្ចប់ការសាងសង់ ។

សម្តេចធិបតីបានថ្លែង នៅពេលសម្ភោធរោងចក្រកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ថា នៅពេលដែលគម្រោងព្រែកជីកហ្វូណនតេជោបញ្ចប់ រាជរដ្ឋាភិបាលនឹងស្តារឃ្លងតាមផ្លូវទឹកនានា ហើយនៅពេលនោះសេវាដឹកជញ្ជូនតាមផ្លូវទឹកនឹងសកម្ម ។


សម្តេចធិបតី បានលើកឡើងថា ការដឹកជញ្ជូនផ្លូវទឹកអត់ស្ទះចរាចរណ៍ ហើយក៏មិនសូវមានគ្រោះថ្នាក់ចរាចរណ៍ដែរ រីឯតម្លៃក៏ថោកថែមទៀត ដូច្នេះវាចំណេញច្រើនសម្រាប់សេដ្ឋកិច្ច ។ កម្ពុជាមានកំពង់ផែសមុទ្រ និងកំពង់ផែតាមដងទន្លេទាំងតូចទាំងធំសរុបចំនួន១១៩ កន្លែងដោយនៅក្នុងនោះ ៣០ តាមសមុទ្រ។

នៅរដូវវង្សាការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា អាចប្រពឹត្តទៅបានប្រមាណជា១.៧៥០ គីឡូម៉ែត្រ ដោយនៅក្នុងនោះតាមទន្លេមេគង្គ៣០ភាគរយ ទន្លេសាប១៥ភាគរយ ហើយទន្លេបាសាក់៥ភាគរយ ក្រៅពីនោះគឺតាមស្ទឹងព្រែកនានា ប៉ុន្តែសម្រាប់រដូវប្រាំងវិញ គឺអាចប្រពឹត្តទៅបានត្រឹមតែ៥៨០គីឡូម៉ែត្រប៉ុណ្ណោះ ៕

ចែករំលែកព័តមាននេះ