សហរដ្ឋអាមេរិក ៖ នាយកប្រតិបត្តិក្រុមហ៊ុន Nvidia នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសថា ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកមួយនេះ នឹងបង្កើនការវិនិយោគនៅកោះតៃវ៉ាន់ជាមួយទឹកប្រាក់ដ៏មហាសាលរហូតដល់ ១៥០ ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដោយលោកថែមទាំងហៅកោះនៅអាស៊ីបូព៌ាមួយនេះថា មជ្ឈមណ្ឌលស្នូលនៃបដិវត្តន៍បញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមប្រភពពី Reuters និង AFP បានចេញផ្សាយ។
លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia ដែលបច្ចុប្បន្នជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើពិភពលោក ពោលលើសពី ៥ ទ្រីលានដុល្លារអាមេរិកនោះ បានថ្លែងថា កោះតៃវ៉ាន់កំពុងរីកចម្រើន ហើយការវិនិយោគរបស់ Nvidia នឹងជំរុញប្រព័ន្ធអេកូឡូស៊ីដ៏អស្ចារ្យនៅទីនេះ។
នាយកប្រតិបត្តិកើតនៅទីក្រុងតៃប៉ិ (Taipei) កោះតៃវ៉ាន់ ដែលមានសញ្ជាតិអាមេរិកវ័យ៦៣ឆ្នាំរូបនេះ បានបន្តទៀតថា តៃវ៉ាន់គឺជាមហាអំណាចមួយនៅក្នុងការផលិតបន្ទះឈីបពាក់កណ្តាលសម្រេច (Semiconductors) ដែលប្រើសម្រាប់បណ្តុះបណ្តាល និងតួនាទីដ៏សំខាន់ដល់ប្រព័ន្ធ AI ហើយក៏ជាទីតាំងកំណើតរបស់ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់ពិភពលោក TSMC និង Foxconn។
ថ្លែងចេញពីទីក្រុងតៃប៉ិ ជាកន្លែងដែលក្រុមហ៊ុន Nvidia កំពុងសាងសង់ការិយាល័យថ្មីមួយនោះ លោក Jensen Huang បានកត់សម្គាល់ឱ្យដឹងដូច្នេះថា «៤ឆ្នាំមុន ៥ឆ្នាំមុន Nvidia បានចំណាយប្រហែលត្រឹម ១០ ទៅ ១៥ ពាន់លានដុល្លារក្នុង១ឆ្នាំនៅតៃវ៉ាន់។ ប៉ុន្តែឥឡូវនេះ យើងកំពុងចំណាយ ១០០ ពាន់លានដុល្លារ ហើយនឹងកើនឡើងដល់ ១៥០ ពាន់លានដុល្លារនៅតៃវ៉ាន់ជារៀងរាល់ឆ្នាំ»។
គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់បានកត់ត្រាកំណើនដ៏ខ្លាំងក្លាបំផុតមួយក្នុងប្រវត្តិសាស្ត្រ ដោយបានកើនឡើង ៨,៦% កាលពីឆ្នាំមុន និងបន្តស្ទុះឡើងដល់ ១៣,៦% នៅត្រីមាសទី១ នៃឆ្នាំ ២០២៦។ ការរីកចម្រើននេះ គឺត្រូវបានជំរុញយ៉ាងខ្លាំងក្លាបំផុតដោយការនាំចេញសេវាកម្ម និងគ្រឿងបរិក្ខារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ចំពេលរដ្ឋាភិបាល និងក្រុមហ៊ុននានានៅជុំវិញពិភពលោក បាននិងកំពុងវិនិយោគទឹកប្រាក់រាប់រយពាន់លានដុល្លារក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមួយនេះ៕


ចែករំលែកព័តមាននេះ