ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម ណែនាំ​ដល់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​យកចិត្តទុកដាក់​លើ​ការ​អនុវត្ត​ប្រព័ន្ធ​ជីវ​សុវត្ថិ​ភាព​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ លោក​ជំទាវ ហោ ម៉ា​លី​ន បាន​ណែនាំ​ដល់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​ទាំងអស់ ត្រូវ​តែ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​អនុវត្ត​ប្រព័ន្ធ​ជីវ​សុវត្ថិភាព​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​សត្វ​ផ្សេង​ៗ​។

ការ​លើក​ឡើង​បែប​នេះ​ក្នុង​ឱកាស​ដែល​លោក​ជំទាវ ហោ ម៉ា​លី​ន និង​ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុងកិច្ចប្រជុំ​ពង្រឹង​ប្រព័ន្ធ​ជីវ​សុវត្ថិភាព និង​ផ្សព្វផ្សាយ​គោលការណ៍​ចិញ្ចឹមសត្វ​ល្អ (GAHP) កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៦ នៅ​សាល​ប្រជុំ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ​។ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​បងប្អូន​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ យ៉ាងច្រើន​កុះករ ។

‎​លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ បាន​ឡើង​អាន​របាយការណ៍​ស្វាគមន៍ ដោយ​បាន​បង្ហាញ​ពី​វឌ្ឍនភាព ស្ថានភាព​ទូទៅ​នៃ​វិស័យ​កសិកម្ម ក៏​ដូច​ជា​ការងារ​ចិញ្ចឹមសត្វ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ នា​ពេល​បច្ចុប្បន្ន ការ​រៀបចំ​នេះ​ឡើង​ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹង បណ្តុះបណ្តាល និង​ជំរុញ​ឱ្យ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​ទាំងអស់ យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​អនុវត្ត​ប្រព័ន្ធ​ជីវ​សុវត្ថិភាព ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​សត្វ​ផ្សេង​ៗ​។ លើស​ពី​នេះ ការ​ផ្សព្វផ្សាយ​គោលការណ៍​អនុវត្ត​ការ​ចិញ្ចឹមសត្វ​ល្អ (GAHP) គឺជា​រឿង​ចាំបាច់​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ផលិតកម្ម​សត្វ​ដែល​មានគុណ​ភាព សុវត្ថិភាព មាន​ស្តង់ដារ​ត្រឹមត្រូវ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ ក៏​ដូច​ជា​ការ​គាំពារ​សុខភាព​សាធារណៈ​។ ផ្អែក​តាម​បទ​បង្ហាញ​របស់​តំណាង​អគ្គ​នាយ​ដ្ឋា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​គូសបញ្ជាក់​ជា​មោទនភាព​ថា ខេត្តកំពង់ស្ពឺ គឺជា​ខេត្ត​មួយ​ដែល​កំពុង​ឈានមុខ​គេ​ទូ​ទាំង​ប្រទេស លើ​ការ​ចិញ្ចឹមសត្វ​លក្ខណៈ​ពាណិជ្ជកម្ម ដោយ​គ្រប់​ដណ្តប់​រហូត​ដល់ ៤៣% នៃ​បរិមាណ​ចិញ្ចឹមសត្វ​សរុប និង​មាន​អ្នក​ចិញ្ចឹមសត្វ​រហូត​ដល់ ៤២% នៃ​ការ​ធ្វើ​វប្បកម្ម​ផលិតកម្ម​សរុប​ទូ​ទាំង​ប្រទេស​។

‎ ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​មាន​មតិ​សំណេះសំណាល ដោយ​បាន​ផ្ដោត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ផ្នែក​បច្ចេកទេស​។ ឯកឧត្តម​បាន​លើកទឹកចិត្ត និង​ជំរុញ​ដល់​បងប្អូន​ម្ចាស់​កសិដ្ឋាន​ទាំងអស់ ត្រូវ​សហការ​ជិត​ស្និទ្ធ​ជាមួយ​មន្ត្រី​ជំនាញ​បសុព្យាបាល ក្នុង​ការ​តាមដាន​សុខភាព​សត្វ​ជា​ប្រចាំ​។ ‎​ជាមួយ​គ្នា​នោះ ឯកឧត្តម​ក៏​បាន​សង្កត់ធ្ងន់​លើ​ការ​កែប្រែ​ទម្លាប់ និង​វិធីសាស្ត្រ​ចិញ្ចឹម ដោយ​ងាក​មក​អនុវត្ត​តាម​ការ​ណែនាំ​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ការ​គ្រប់គ្រង និង​ច្នៃប្រឌិត​កាក​សំណល់​លាមក​សត្វ​ឱ្យទៅ​ជា​ជីធម្មជាតិ ឬ​ថាមពលជីវម៉ាស (Biogas) ដែល​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​នៅ​ក្នុង​កសិដ្ឋាន​បាន​មួយ​កម្រិត​ទៀត​ផង​។

‎​ថ្លែង​ក្នុង​ឱកាស​នោះ​លោក​ជំទាវ ហោ ម៉ា​លី​ន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ទីរ​កសិកម្ម​ខេត្ត និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ម្ចាស់​កសិដ្ឋាន​ទាំងអស់​។ លោក​ជំទាវ​បាន​ណែនាំ​ដល់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​ទាំងអស់ ត្រូវ​តែ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​អនុវត្ត​ប្រព័ន្ធ​ជីវ​សុវត្ថិភាព​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​សត្វ​ផ្សេង​ៗ​។

‎​លោក​ជំទាវ ហោ ម៉ា​លី​ន រដ្ឋលេខាធិការ ក៏​បាន​រំលឹក​ផង​ដែរ​ថា កា​រវិ​វ​ឌ្ឍ​ខ្លួន​ទៅ​រក​ការ​ចិញ្ចឹមសត្វ​តាម​គោលការណ៍​អនុវត្ត​ការ​ចិញ្ចឹមសត្វ​ល្អ (GAHP) និង​ការ​គិតគូរ​ជា​ចម្បង​លើ​ការ​គ្រប់គ្រង​កាក​សំណល់​លាមក​សត្វ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ផលិតកម្ម​សត្វ​មានគុណ​ភាព សុវត្ថិភាព ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ និង​រួមចំណែក​គាំពារ​សុខភាព​សាធារណៈ ក៏​ដូច​ជា​បរិស្ថាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជុំវិញ​ប្រកបដោយ​ចិ​រ​ភាព​ផង​ដែរ ​៕