ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ទុច្ចរិត​នាំ​ផ្លែ​ទុរេន​ជាង​០១​តោន​ គ្មាន​ប្រភព​ច្បាស់​លាស់ ​ចូល​ទៅ​លក់​នៅ​ក្នុងស្រុក​សំឡូត ​ដើម្បី​បន្លំ​ភ្នែក​អតិថិជន

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  ផ្លែ​ទុរេនជាង​០១​តោនដែល​គ្មាន​ប្រភព​ច្បាស់លាស់ ត្រូវ​បាន​ឈ្មួញ​ទុ​ចុ្ចរិ​តនាំ​ចូល​យក​ទៅ​ដាក់​លក់​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន ទាំង​ដែល​ខ្លួនឯង​មាន​ចម្ការ​ទុរេន​ដូច​គេឯង​ដែរ នៅ​ក្នុងស្រុក​សំឡូត  ក្នុង​ចេតនា​ទុ​ច្ចរិ​តបន្លំ​ភ្នែក​អតិថិជន ឬភ្ញៀវ​ទេសចរ​​ដែល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​រមណីយដ្ឋាន​នានា  ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​សំបូរ​ដំណាំ​ទុរេន​មួយ​នេះ ចុះ​អន្តរា​គម​ន៍​​ទប់ស្កាត់​ទាន់​ពេលវេលា​ ។

​មន្ត្រី​រដ្ឋបាល​ស្រុក​សំឡូត​បាន​ឲ្យ​ដឹង​ថា ផ្លែ​ទុរេន​មួយ​រថយន្ត​នោះ ត្រូវ​បាន​ជន​ទុច្ចរិត​ដឹក​ចូល​​ស្រុក​សំឡូត កាលពី​យប់​ថ្ងៃ​ទី​២៦ ឧសភា ដោយ​ដឹក​ទៅ​ស្ដុក​ទុក​នៅ​នឹង​ផ្ទះ​របស់​ខ្លួន  ដែល​ស្ថិត​ក្នុង​ទឹកដី «​សំឡូត​ចាស់​» ស្រុក​សំឡូត ដែល​ជា​តំបន់​សំបូរ​ចម្ការ​ «​ទុរេន​» ច្រើន​ជាងគេ ហើយ​ក៏​ល្បីល្បាញ​ជាងគេ​ទៀត​ ។

​រដ្ឋបាល​ស្រុក​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ឈ្មួញ​ទុច្ចរិត​នោះ​ទេ  តែ​បាន​និយាយ​ថា ជា​អ្នក​រស់​នៅ​ទីនោះ ហើយ​ជន​នោះ​ក៏​មាន​ចម្ការ​ទុរេន​ដ៏​ធំ​នៅ​ចំណុច​ «​សំឡូត​ចាស់​» ​នោះ​ដែរ ​។ ក្រោយ​ពី​មន្ត្រី​មូលដ្ឋាន​ប្រទះ​ឃើញ​ពី​ការ​ដឹក​ផ្លែ​ទុរេន​ចូល​ស្រុក​សំឡូត ​ដែល​គួរ​ឲ្យ​សង្ស័យ   និងបន្ទាប់​ពី​ទ​ទួល​ព័​ត៌​មាន  អាជ្ញាធរ​ស្រុក​បាន​ចាត់តាំង​កម្លាំង​ចម្រុះ​ ដឹកនាំ​ដោយ​លោក​​ ហែម ស៊ី​ណា​ក់ អភិបាលរង​ស្រុក ចុះ​ទៅ​កាន់​ទៅ​កាន់​ទីតាំង​ស្ដុក​ផ្លែ​ទុរេន​ភ្លាម​ៗ ដើម្បី​ពិនិត្យ និង​សួរនាំ​ម្ចាស់​ទុរេន ​។ ប៉ុន្តែ​ពេល​នោះ ម្ចាស់​ទុរេន​នោះ ហាក់​និយាយ​មិន​ច្បាស់លាស់ ទំនង​គ្រឿង​ស្រវឹង​ចូលខ្លួន ​។

​តាម​សម្រង់​សម្ដី​ម្ចាស់​ទុរេ​នដែល​លោក ហែម ស៊ី​ណា​ក់ បាន​សាកសួរ​ពី​ប្រវត្តិ​ផ្លែ​ទុរេន    ម្ចាស់​​ទុ​រេ​ន​នេះ​ម្ដង​ប្រាប់​ថា  នាំ​មក​ពី​ភ្នំពេញ (​ម្ដុំ​ទួល​សង្កែ​)  ម្ដង​ប្រាប់​ថា នាំ​មក​ពី​ស្រែអំបិល ខេត្ត​ព្រះ​សីហ​នុ​ ។ ​លោក​អភិបាលរង​បាន​បន្ត​ថា  ម្ចាស់​ទុ​រេ​ន​បាន​និយាយ​កុហក​ថា ទុរេន​របស់​គាត់​មាន​ប្រហែល​​ចន្លោះ​ពី​៥០០ ទៅ​៦០០​គីឡូក្រាម  ប៉ុន្តែ​បើ​តាម​លោក និង​មន្ត្រី​នានា ពិនិត្យ​ឃើញ​ជាក់ស្ដែង ផ្លែ​ទុរេន​នោះ​​មាន​ទម្ងន់​​ជាង​០១​តោន ​។ ផ្លែ​ទុរេន​នោះ ​មាន​រូប​សម្បុរ​ល្អ ស្អាត​ ​ជា​ផ្លែ​ទុរេន​នៅ​ស្រុក​សំ​ឡូ​តូ ហើយ​បើ​ពិនិត្យ​លើ​ស្ថានភាព​វិញ ផ្លែ​ទុរេន​នោះ​មិន​អាច​រក្សា​ទុក​បាន​យូរថ្ងៃ​ឡើយ ​។

​ដោយ​យោង​លើ​ការ​បំភ្លឺ​របស់​ម្ចាស់​ទុរេន ​និង​តាម​រយៈ​ការ​ពិនិត្យ​ជាក់ស្ដែង ផ្លែ​ទុ​រេន​​នោះ​មិនមែន​ជា​ផ្លែ​ទុរេន​ដែល​បេះ​នៅ​តាម​ចម្ការ​ក្នុងស្រុក​សំឡូត​ទេ  គឺ​ជា​ទុរេន​ដែល​ឈ្មួញ​ម្នាក់​នេះ​​នាំ​ចូល​ពី​ខាងក្រៅ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ក្នុង​ចេតនា​បំ​ភា​ន់​ភ្នែក​អតិថិជន​ក្នុងស្រុក ដែល​និយម​ទ​ទួល​ទាន​ផ្លែ​ទុរេន ស្រុក​សំឡូត​ ។

​បើ​តាម​ប្រភព​ព័​ត៌​មាន​ពី​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ស្គាល់​ប្រវត្តិ​ឈ្មួញ​ម្នាក់​នោះ បាន​ទម្លាយ​ដែរ​ថា  នេះ​មិនមែន​ជា​លើក​ទី​១ទេ ដែល​ជន​កំហូច​ម្នាក់​នោះ​ រកស៊ី​មិន​ស្មោះត្រង់​បែប​នេះ​ ។  ជន​នោះ​គាត់​មាន​ចម្ការ​ទុរេន​នៅ​ «​សំឡូត​ចាស់​» ដូច​គេដូច​ឯង​ដែរ  តែ​គាត់​តែង​លួច​បន្លំ​នាំ​ផ្លែ​ទុរេន​ពី​ខាងក្រៅ​ចូល​យក​ទៅ​ដាក់​លក់​នៅ​ខាង​ផ្ទះ​គាត់ ដោយ​បន្លំ​ធ្វើ​ជា​ទុរេន​របស់​គាត់​ដែល​ទើប​បេះ​ពី​ចម្ការ​នៅ​ខាងក្រោយ​ផ្ទះ​គាត់​ ។

​មិនតែប៉ុណ្ណោះ ជន​ទុច្ចរិត​រូប​នេះ បាន​លក់​ចែកចាយ​ឲ្យ​អ្នកលក់​ដទៃ លើកយក​ទៅ​បន្ត​ពាសពេញស្រុក​សំឡូត ឬចេញ​ទៅ​លក់​បន្ត​នៅ​លើ​ទីផ្សារ​នានា ក្នុង​ក្រុង​បាត់ដំបង​ទៀត​ផង  ប៉ុន្តែ​កន្លង​ទៅ​ ពុំ​មាន​មន្ត្រី​ជំនាញ ឬអាជ្ញាធរតាមដាន ឬចាប់​អារ​ម្ម​ណ៍​​ទៅ​លើ​មុខ​បរ​ទុច្ចរិត​របស់​ឈ្មួញ​បោកប្រាស​ម្នាក់​នេះ​ទេ​ ។ ទើបតែ​ឆ្នាំ​នេះ ដោយសារ​ផ្ទុះ​រឿង​ទុរេន​នាំ​ចូល​ពី​ប្រទេស​ថៃ ខុសច្បាប់​ចូល​ដល់​ផ្សារ​ «​ភូ​ពុ​យ​» ទើប​អាជ្ញាធរ​ស្រុក​សំឡូត បង្កើន​ការ​ប្រុងប្រយ័ត្ន តាមដាន​ត្រូ​ត​ពិនិត្យ​ទុរេន ដែល​លួច​នាំ​ចូល​ពី​ប្រភព​ខាងក្រៅ រហូត​តាម​ទាន់​ជាន់កែង​ឈ្មួញ​ទុច្ចរិត​តែ
​ម្ដង​ ។

​លោក ហែម ស៊ី​ណា​ក់ បាន​និយាយ​ផង​ដែរ ពី​រដូវ​កាល​ប្រមូល​ផល​ទុរេន​នៅ​ក្នុងស្រុកសំឡូត​ ។  លោក​និយាយ​ថា   សម្រាប់​ដំណាំ​ទុរេន​នៅ​ស្រុក​សំឡូត   កសិករ​អាច​ចាប់ផ្ដើម​​ប្រមូល​ផល​ជា​ផ្លូវការ​នៅ​ដើមខែ​មិថុនា​តទៅ​ ។ ​ប៉ុន្តែ​សម្រាប់​ពេល​នេះ ខែ​នេះ ផ្លែ​ទុរេន​នៅ​សំឡូត គ្រាន់តែ​អាច​បេះ​បាន​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ មិនមែន​បេះ​បាន​រាប់រយ​គីឡូ​ដូច​ឈ្មួញ​ខាង​ដាក់​លក់​នោះ​ទេ​ ។   ពោល​៖  គឺ​ក្នុង​អំឡុង​ខែមិថុនា ខាង​មុខ​នេះ ដំណាំ​ទុរេន​នៅ​ស្រុក​សំឡូត កំពុង​ពេញ​ប្រមូល​ផល​ហើយ​ ។

​សូម​បញ្ជាក់​ថា  ដំណាំ​យុទ្ធសាស្ត្រ ដែល​កសិករ​ក្នុងស្រុក​សំឡូត បាន​និង​កំពុង​ប្រមូល​ផល​លក់​លើ​ទីផ្សារ​ក្នុង​ពេល​នេះ គឺ​«​ផ្លែ​សាវម៉ាវ​» មិនមែន​«​ផ្លែ​ទុរេន​»​ទេ​ ។  នេះ​បើ​តាម​មន្ត្រី និង​ប្រជាពល​រដ្ឋ​ស្រុក​សំឡូត​បាន​និយាយ​ប្រាប់​ ។ ​

ប៉ុន្តែត្រង់​ចំណុច​នេះ លោក ហែម ស៊ី​ណា​ក់ បាន​បញ្ជាក់​បន្ថែម​ថា  ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត ដែល​ដាំ​ដំណាំ​សាវម៉ាវ តែង​បាន​ទ​ទួល​បាន​ផល​មុន ដំណាំ​ទុរេន​ ។ បច្ចុប្បន្ន​នេះ អ្នក​ដាំ​សាវម៉ាវ កំពុង​ប្រមូល​ផល​លក់​ហើយ   រីឯ​ទុរេន​តាម​ចម្ការ​ខ្លះ គេ​ទើប​បេះ​បាន​រាយ​ៗ​ទេ​ ។​ប៉ុន្តែ​យ៉ាងណា ពាក់ព័ន្ធ​នឹង​«​ផ្លែ​ទុរេន​» ដែល​ឈ្មួញ​បន្លំ​លួច​នាំ​ចូល​ពី​ខា​ក្រៅ  យក​ទៅ​ដាក់​លក់​ក្នុងស្រុក​សំឡូត បន្លំ​ភ្នែក​អតិថិជន​ខាងលើ​នេះ  បើ​តា​ម​លោក ហែម ស៊ី​ណា​ក់ បាន​ប្រាប់​ថា  ជា​គោល​ការ​ណ៏​​លោក​អភិបាលស្រុក  យើង​មិន​បាន​ដកហូត​យក​ផ្លែ​ទុរេន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​នេះ​ទេ​ ។  

ប៉ុន្តែ​រដ្ឋបាល​ស្រុក​មិន​អនុញ្ញាត​​ឲ្យ​ឈ្មួញ​ម្នាក់​នេះ លក់​ចែក​ចាយ​ផ្លែ​ទុរេន​នេះ​​ទៅ​ឲ្យ​អ្នក​ដទៃ​ទៀតយក​ទៅ​លក់​បន្ត​នៅ​កន្លែង​ផ្សេង​ឡើយ​ ។ ហើយ​ម្ចាស់​ទុរេន​នេះ ត្រូវសរសេរស្លាកសម្គាល់ និងដាក់ឈ្មោះ​នៃប្រភពផ្លែទុរេនដែលខ្លួនបាននាំយកមក ។ ធ្វើកិច្ចសន្យាបញ្ឈប់ការលួចនាំផ្លែទុរេនដែលគ្មានប្រភពច្បាស់ចូលលក់ក្នុងស្រុកសំឡូតបន្តទៀត ។ ប៉ុន្តែប្រសិនបើមាន ម្ចាស់ទុរេនត្រូវសរសេរស្លាកដាក់ឈ្មោះ ប្រភពនាំចូល និង​លេខទូរស័ព្ទច្បាស់លាស់ ថែមទាំងធ្វើវិក្កយបត្រលក់ទិញឲ្យបានត្រឹម​ត្រូវទៀតផង ដើម្បីងាយទំនាក់ទំនង នៅពេលមានបញ្ហាកើតឡើង ។

ជាមួយនឹងការចុះបង្ក្រាបផ្លែទុរេនរបស់ឈ្មួញទុច្ចរិតខាងលើនេះដែរ បើតាមលោក ហែម ស៊ីណាក់ បានបញ្ជាក់ដែរថា ពេលនេះ ក្រុមគណៈបញ្ជាការកងឯកភាពស្រុកសំឡូត បាននិងកំពុងចាត់កម្លាំងឲ្យចុះតាមដាន និង​តាមឃ្លាំមើលពីសកម្មភាពលក់ដូរផ្លែទុរេនដែលគ្មាន​ប្រវត្តិច្បាស់លាស់របស់ឈ្មួញម្នាក់ខាងលើនេះ ដែលរដ្ឋបាលស្រុក រារាំងមិនអនុញ្ញាតឲ្យលក់ចេញទៅកន្លែងផ្សេងឡើយ ។

​លោកបានពន្យល់បន្ថែមដូច្នេះថា «បើតាមបទពិសោធន៏របស់់ខ្ញុំ ដែលខ្ញុំធ្លាប់រស់នៅជាមួយដំណាំទុរេនរាប់សិបឆ្នាំកន្លងមកនេះ ផ្លែទុរេនដែលឈ្មួញខាងលើ បន្លំនាំចូល​ធ្វើជាទុរេនស្រុកសំឡូត នេះមិនអាចរក្សាទុកបានយូរ​អង្វែងទេ ។ យ៉ាងយូរឆ្លងមួយយប់នេះ (យប់២៧.០៥.២៦) ទុរេនជាង០១តោននោះ អាចទុំអស់ហើយ ទុកមិនបានយូរថ្ងៃទៀតទេ ។ នេះបើតាមការពិនិត្យជាក់ស្ដែង ។ ដូច្នេះ បើបងប្អូនទិញប៉ះផ្លែទុរេនក្លែងបន្លំនោះ ត្រូវ
ពិនិត្យ​មើលឲ្យបានល្អិតល្អន់ផង ៕