ខេត្តកំពង់ចាម ៖ រឿងក្ដីមួយបានកើតឡើង ក៏ព្រោះតែផ្ទះចិញ្ចឹមត្រចៀកកាំ ដែលបានធ្វើឱ្យអ្នកភូមិចំនួន៣២គ្រួសារ ដែលនៅជុំវិញផ្ទះចិញ្ចឹមត្រចៀកកាំបានអះអាងថា ជាអ្នករងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ហើយបាននាំគ្នាផ្ដិតមេដៃលើពាក្យបណ្ដឹងមួយច្បាប់ ដើម្បីស្នើសុំដល់អាជ្ញាធរជួយអន្តរាគមន៍លើករណីផ្ទះចិញ្ចឹមត្រចៀកកាំ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានជះក្លិនស្អុយឆ្អេះឆ្អាប ក្លិនពុលមិនអាចទ្រាំបាន ព្រមទាំងបង្កសំឡេងរំខានទាំងយប់ទាំងថ្ងៃ ធ្វើឲ្យពលរដ្ឋនៅក្បែរពិបាកដេកពួន ។ មកដល់សព្វថ្ងៃនេះជិត២០ឆ្នាំហើយ នៅមិនទាន់ឃើញមានដំណោះស្រាយពីសំណាក់អាជ្ញាធរមូលដ្ឋាននៅឡើយ ។

តាមដូនចាស់ម្នាក់ឈ្មោះ សៀង ផល្លា អាយុ៧០ឆ្នាំ រស់នៅភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ ចាម ប្រាប់ឲ្យដឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ថា ផ្ទះថ្មល្វែងរបស់គាត់នៅជាន់ក្រោម ចំណែកផ្ទះចិញ្ចឹមត្រចៀកកាំនៅជាន់ខាងលើបង្អស់ ដោយម្ចាស់អាជីវកម្មបានចាក់សំឡេងសត្វត្រចៀកកាំស្រែក ដើម្បីធ្វើជាអន្ទាក់ហៅសត្វត្រចៀកកាំចូលមកធ្វើសំបុក ។ ពេលគាត់ប្រាប់ម្ចាស់ចិញ្ចឹម មិនមានអ្នកណាយកត្រចៀកស្ដាប់នោះទេ មិនតែប៉ុណ្ណោះ ពេលដែលគេឡើងលាងលាមកសត្វ ធ្វើឲ្យជ្រាបទឹកតាមបេតុងមកដល់ផ្ទះរបស់គាត់ សូម្បីតែប្ដីរបស់គាត់ ដោយសាររងក្លិននេះជាច្រើនឆ្នាំមកហើយ ឥឡូវឈឺដេកនៅកន្ទេល ។ និយាយរួមពេលក្លិនគេលាងខាងលើ ជះមកពិបាកដកដង្ហើម សូម្បីតែគាត់ផ្ទាល់សុខភាពក៏ទ្រុឌទ្រោមដែរ ។

លោក កើត ឡូញ អាយុ៦០ឆ្នាំ នៅភូមិទី៩ សង្កាត់កំពង់ចាម ប្រាប់ឲ្យដឹងថា ផ្ទះគាត់ជាប្រភេទផ្ទះថ្មល្វែងនៅជាន់ផ្ទាល់ដី ហើយផ្ទះចិញ្ចឹមត្រចៀកកាំនៅជាន់ខាងលើ ជារៀងរាល់ថ្ងៃសំឡេងគេចាក់ហៅសត្វត្រចៀកកាំនេះ គឺប៉ះពាល់២៤ម៉ោងលើ២៤ម៉ោង ធ្វើឱ្យគាត់ និងប្រពន្ធ ព្រមទាំងកូនៗ ពិបាកក្នុងការដេកពួន ដោយសារតែសំឡេងរំខាននេះ មានពេលខ្លះម្ចាស់អាជីវកម្មបានមកបោស សម្អាតលាមកសត្វ ធ្វើឲ្យធ្លាក់មកតាមទុយោជះក្លិនស្អុយណាស់ ។

គាត់ថា ពលរដ្ឋប៉ះពាល់ផ្ទាល់ចំនួន៤គ្រួសារ និងអ្នកប៉ះពាល់ប្រយោលសរុបចំនួន ៣២គ្រួសារ ។ ផ្ទះគាត់ត្រូវបានជ្រាបទឹកក្លិនថ្នាំ ហើយបង្កឲ្យមានការឈឺក្បាល វិលមុខ ហើយសំឡេងគេបើកលាន់ឮតាមតែអំពើចិត្ត ។ សំណង់ផ្ទះត្រចៀកកាំនេះ ធ្វើថ្មីនៅលើសំណង់ផ្ទះចាស់ ដែលមកដល់សព្វថ្ងៃជិត១៦ ឆ្នាំហើយ បើមិនទប់ស្កាត់ទេ យូរៗអាចពុកបាក់ស្រុតក៏ថាបាន ។

ដូនចាស់ម្នាក់ទៀតឈ្មោះ ទ្រី អូន អាយុ៧១ឆ្នាំ បានលើកឡើងថា មានពេលមួយនៅក្នុងឆ្នាំ២០២៤ កន្លងទៅ ពេលគេលាងសម្អាតផ្ទះត្រចៀកកាំ ទឹកស្អុយហូរចូលមកដោយទាំងលាមកសត្វមានក្លិនស្អុយជះចូលតាមបង្អួចមកដល់ក្នុងផ្ទះរបស់គាត់ ធ្វើឲ្យម្នាក់ៗពិបាកទ្រាំប៉ះពាល់ដល់ការរស់នៅ ។ ដោយសារតែកត្តាសំឡេងរំខាន ក្លិនស្អុយ និងពិបាកក្នុងការរស់នៅ បងប្អូនប្រជាពលរដ្ឋចំនួន៣២គ្រួសារ រស់នៅភូមិទី៨ និងភូមិទី៩ សង្កាត់កំពង់ចាម បាននាំគ្នាផ្ដិតមេដៃលើពាក្យបណ្ដឹងមួយច្បាប់ ដើម្បីឲ្យសាលាសង្កាត់កំពង់ចាមជួយដោះស្រាយ តែដោះមិនចេញ ។ រាល់ថ្ងៃបង្អួចផ្ទះគាត់ខាងក្រោយ ត្រូវបានឲ្យជាងដាក់កញ្ចក់បិទជិតឈឹង ដើម្បីការពារកុំឲ្យក្លិនពុលជះចូលក្នុង
ផ្ទះ ។

បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលចំនួន៣២គ្រួសារ បានសំណូមពរអាជ្ញាធរដែនដី ធ្វើយ៉ាងណាជួយដោះស្រាយកន្លែងអាជីវកម្មចិញ្ចឹមត្រចៀកកាំ របស់ឈ្មោះ ឃុន ចេញទៅដាក់នៅកន្លែងឆ្ងាយ ដើម្បីកុំឲ្យប៉ះពាលការរស់នៅបន្តទៀត ។ ដូនចាស់រូបនេះ ក៏បានបញ្ជាក់ថា នៅរសៀលថ្ងៃទី១៨ តុលា ២០២៥ អាជ្ញាធរបានហៅប្រជាជនទៅដោះ ស្រាយនៅសាលាក្រុងកំពង់ចាម គ្រានោះម្ចាស់អាជីវកម្មបានលើកឡើងថា គេចំណាយទុនធ្វើអស់លុយច្រើន ដូច្នេះពុំអាចរើទៅកន្លែងណាបានទេ ។

នៅព្រឹកថ្ងៃទី២០ តុលា ភ្នាក់ងាររបស់យើងមិនអាចសុំការបំភ្លឺពីម្ចាស់អាជីវកម្មផ្ទះចិញ្ចឹមត្រចៀកកាំបាននោះទេ តែបានគិតថា អ្នកចិញ្ចឹមត្រចៀកកាំ បានគិតគូរពីផលប្រយោជន៍របស់ខ្លួន ក៏គួរគប្បីយល់ដល់ផលប៉ះពាល់អ្នកជិតខាង ដែលគ្មានទទួលផលប្រយោជន៍អ្វីសោះ បែរជារងគ្រោះដោយសារបំពុលបរិស្ថានបែបនេះ ។ អ្នកតាមដានបាននិយាយថា នេះប្រហែលជាមិនមែនតែ១ករណីនេះទេ ប្រហែលជាមានច្រើនទៀត សម្រាប់អ្នកធ្វើផ្ទះត្រចៀកកាំនៅលើដំបូលផ្ទះរបស់ខ្លួន ។

លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានប្រាប់តាមទូរស័ព្ទឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ថា ក្រោយពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋ អាជ្ញាធរបានបង្កើតគណៈកម្មការចម្រុះរបស់សាលាខេត្ត ក្នុងនោះ មានទាំងផ្នែកផ្លូវច្បាប់ផង ត្រៀមនឹងចុះពិនិត្យផ្ទាល់ទីតាំងផ្ទះចិញ្ចឹមត្រចៀកកាំក្នុងពេលឆាប់ៗនេះ ។

គួររំលឹកថា នាពេលកន្លងទៅ ក្នុងពេលប្រជុំជាមួយស្ថាប័ន មន្ទីរជំនាញជុំវិញខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ធ្លាប់មានប្រសាសន៍លើកឡើងថា ចំពោះទីតាំងផ្ទះត្រចៀកកាំដែលស្ថិតនៅក្នុងក្រុងកំពង់ចាម និងត្រូវឱ្យចេញទៅនៅជាយក្រុងវិញ ចៀសវាងកុំឲ្យមានសំឡេងប៉ះពាល់ និងជះក្លិនស្អុយលើអ្នកដទៃដ្ឋ ៕
ចែករំលែកព័តមាននេះ