ភ្ញៀវទេសចរកម្ពុជាទៅលេងវៀតណាម ជាប់លំដាប់កំពូលទាំង១០ នៅក្នុងចំណោមជនបរទេស ដែលជាទីផ្សារទេសចរណ៍លំដាប់កំពូលទាំង១០របស់វៀតណាម កម្ពុជាក៏មាននៅក្នុងបញ្ជីនេះផងដែរ ។
សារព័ត៌មាន Vietnam News បានឲ្យដឹងថា ភ្ញៀវទេសចរបរទេសសរុប ដែលបានទៅលេងនៅវៀតណាម ១១ខែនៃឆ្នាំ២០២៥ គឺមានជាង១៩,១៥លាននាក់ កើនឡើងប្រមាណជាជិត២១ភាគរយ ។
ប្រភពដដែលបានឲ្យដឹងថា ពលរដ្ឋកម្ពុជាដែលបានទៅលេងនៅវៀតណាមត្រូវបានគេដឹងថា គឺស្ថិតនៅលំដាប់ទី៧ ។ ប្រភពដដែល មិនបានបញ្ជាក់អំពីចំនួនពលរដ្ឋកម្ពុជាដែលបានធ្វើដំណើរទៅវៀតណាមនោះទេ ប៉ុន្តែគេដឹងថា ច្រើនជាងគេ គឺចិន កូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិក ជប៉ុន ឥណ្ឌា កម្ពុជា រុស្ស៊ី ម៉ាឡេស៊ី និង អូស្ត្រាលី ។
ប្រភពដដែលបានអះអាងថា ចិនដែលទៅលេងវៀតណាម មានប្រមាណជា៤,៨ លាននាក់ ស្មើនឹងមួយភាគបួននៃភ្ញៀវទេសចរទាំងអស់ ក្រៅពីនោះ គឺមានកូរ៉េខាងត្បូង ដែលមាន ប្រមាណជា ៣,៩ លាននាក់ ។
បើតាមស្ថិតិដែលកត់ត្រាដោយក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥នេះ ពលរដ្ឋកម្ពុជាយើងបានចេញដំណើរទេសចរណ៍ក្រៅប្រទេសប្រមាណជា១,១៦ លាននាក់ ធ្លាក់ចុះប្រមាណជា ជាង២៣,១ ភាគរយ ៕
ចែករំលែកព័តមាននេះ