លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឲ្យក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពភ្នែក ឬគំហើញនេះឲ្យបានគ្រប់ៗគ្នាតាំងពីកុមារតូចៗឡើងទៅ ។

លោកបានលើកឡើងនៅពេលអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកមហាសន្និបាតលើកទី២៣ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងសន្និបាតរណបលើកទី៤ នៃសមាគមចក្ខុរោគ អាស៊ីប៉ាស៊ីហ្វិកថា សុខភាពភ្នែក គឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗរូប។
លោកបានបញ្ជាក់ថា «ប្រសិនបើភ្នែករបស់យើងមើលមិនច្បាស់ មានពិការភាព ឬមានបញ្ហាជំងឺផ្សេងៗប្រាកដណាស់ថា សុខភាពរបស់យើងក៏មិនបានល្អពេញលេញឡើយ»។

លោករដ្ឋមន្ត្រី បានគូសរំលេចថា បច្ចុប្បន្នវិស័យចក្ខុសាស្ត្រមានការរីកចម្រើន គួរឱ្យកត់សម្គាល់ទាំងផ្នែកធនធានមនុស្ស និងបច្ចេកទេសដែលការបណ្តុះបណ្តាលបន្តជាការចាំបាច់បំផុត ប៉ុន្តែការពង្រីកសេវាថែទាំព្យាបាលភ្នែកទូទាំងប្រទេស ក៏ត្រូវតែបន្តដើម្បីធានាការបម្រើសេវាផ្នែកសុខភាពភ្នែកជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់មានប្រសិទ្ធភាព និងទាន់ពេលវេលា ។

លោកក៏បានលើកទឹកចិត្តឲ្យក្រុមគ្រូពេទ្យ ត្រូវបន្តយកចិត្តទុកដាក់លើការការពារសុខភាពភ្នែក ជូនដល់ប្រជាជន តាមការផ្សព្វផ្សាយ ការអប់រំសុខភាពភ្នែកឱ្យបានដល់សហគមន៍ ទីជនបទដាច់ស្រយាលតាមរូបភាពផ្សេងៗ ដូចជា ការចែកខិត្តបណ្ណទស្សនាវដ្តី ការផ្សាយតាមវិទ្យុ-ទូរទស្សន៍ និងបណ្តាញសង្គមនានា ដើម្បីអប់រំប្រជាជនឱ្យមានការយល់ដឹងពីបញ្ហាភ្នែក ជួយទប់ស្កាត់ភាពពិការភ្នែក ។ នៅកម្ពុជានេះ មានអត្រាពលរដ្ឋដែលមានបញ្ហាគំហើញ ឬភ្នែកនេះប្រមាណជា២,៩ភាគរយ ៕
ចែករំលែកព័តមាននេះ