ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទក្រុមហ៊ុនរ៉ែនៅកំពង់ឆ្នាំង ក្រោយរកឃើញបង្ហូរសំណល់រាវ និងសារធាតុ Cyanide ចូលប្រភពទឹក

10 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងបរិស្ថាន បាន​សម្រេច​បិទ​អាជីវកម្ម​ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD….

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងបរិស្ថាន បាន​សម្រេច​បិទ​អាជីវកម្ម​ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែល​បង្ក​ឲ្យ​មានការ​បំពុលបរិស្ថាន​នៅ​តំបន់​អូរ​ឬ​ស្សី​ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ប្រកាស​នា​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៥ ។

ក្រសួងបរិស្ថាន​បាន​បន្ត​ថា ការ​សម្រេច​បិទ​អាជីវកម្ម ក្រុមហ៊ុន​ខាងលើ​នេះ បន្ទាប់​ពី​ក្រសួងបរិស្ថាន បាន​រក​ឃើញ​ក្រុមហ៊ុន បាន​ប្រព្រឹត្ត​ល្មើសច្បាប់​បរិស្ថាន ដោយ​បាន​បញ្ចេញ​សំណល់​រាវ​មិន​ត្រឹមត្រូវ​ប៉ះពាល់​ទឹក​នៅ​ក្នុង​ប្រព័ន្ធ​ទឹកអូ​ឬ​ស្សី ក្នុងភូមិ​សាស្ត្រ​ឃុំ​ខ្លុង​ពពក ឃុំ​ជាប ឃុំ​អភិវឌ្ឍន៍ និង​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

ក្រុមហ៊ុន ត្រូវ​បាន​រក​ឃើញ​ការ​គ្រប់គ្រង​សំណល់​រាវ​ពុំ​បាន​ត្រឹមត្រូវ ដោយ​អាង​ស្តុ​សំណល់​រាវ​ជា​ស្រះ​ស្តុក​ធម្មតា​មិន​មាន​បំពាក់​ប្រព័ន្ធ​សំអាត​ត្រឹមត្រូវ​ទេ ដោយ​គ្រប់​សំណល់​រាវ​ចេញពី​ទីតាំង​កិន និង​រែង​រ៉ែ បាន​បង្ហូរ​លាយឡំ​ជាមួយ​ប្រព័ន្ធ​លូ​ទឹកភ្លៀង ។

លើស​ពី​នេះ ក្រុមហ៊ុន​មិន​មាន​កន្លែង​ទុកដាក់​គរ​សំណល់​រឹង និង​សារធាតុ​គ្រោះថ្នាក់ ត្រឹមត្រូវ​នៅឡើយ​ទេ​។ លើស​ពី​នេះ ក្រុមហ៊ុន​ពុំ​បាន​អនុវត្ត​ធ្វើ​របាយការណ៍​បាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ស្រប​តាម​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ និង​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ។

សូម​បញ្ជាក់​ថា យោង​តាម​លទ្ធផល​សំណាក​ទឹក​ទាំង​៦ ទីតាំង​ខាងលើ គឺ​មាន​ស្ថានភាព​គុណភាព​ទឹក​មិន​អនុលោម តាម​ស្តង់ដារ​ទឹក​សាធារណៈ ជា​ពិសេស​ប៉ា​រ៉ា​មែ​ត្រ Cyanide នៅ​ចំនួន​៥​ទីតាំង មាន​កំហាប់​ប្រែប្រួល ទាបខ្ពស់ ។

សារធាតុ Cyanide នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ទូទៅ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម សម្រាប់​ចម្រាញ់​រ៉ែ​មាស ។ ចំពោះ​ប៉ា​រ៉ា​មែ​ត្រ CODCr ជា​ប៉ា​រ៉ា​មែ​ត្រ បញ្ជាក់​ពីសា​ធាតុគីមី​ចេញពី​រោងចក្រ ដែល​ជា​ធម្មតា​មិន​អាច​រក​ឃើញ​នៅ​ក្នុង​ទឹកធម្មជាតិ គឺ​ត្រូវ​បាន​រក​ឃើញ​គ្រប់​ទីតាំង​យក​សំណាក​ទាំងអស់​ទោះបីជា​ស្ថិត​ក្នុង​កម្រិត​ទាប​ក៏​ដោយ ។

ក្រសួងបរិស្ថាន បាន​ចាត់វិធានការ​បន្ទាន់ ដោយ​ស្នើ​ដល់​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ទឹកអូរ​ឬ​ស្សី ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ផ្អាក​ការ​ប្រើប្រាស់​ទឹក នេសាទ ឬ​យក​សត្វ​ចិញ្ចឹម​ចុះ​ផឹកទឹក​អូរ​ជា​បណ្តោះអាសន្ន រហូត​ដល់​មានការ​ណែនាំ​ជា​ថ្មី ។

ជាមួយ​គ្នា​នេះ​ក្រសួងបរិស្ថាន សម្រេច​បិទ​អាជីវកម្ម​ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ។ ជាមួយ​គ្នា​នេះ ក្រសួង​ង​នឹង​អនុវត្ត​វិធានការ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​ដល់​ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ចំពោះ​ករណី​ប្រព្រឹត្ត​ល្មើស បង្ក​ឱ្យ​មានការ​បំពុល​ទឹក​នៅ​ក្នុង​ប្រព័ន្ធ​ទឹកអូរ​ឬ​ស្សី ។

ទន្ទឹម​នឹង​នេះ​ដែរ ក្រសួង​កំពុង​ចាត់វិធានការ​បច្ចេកទេស​ទប់ស្កាត់​ការ​បំពុល​តំបន់​ទឹកអូរ​ឬ​ស្សី ដោយ​មានការ​សហការ​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត កំពង់ឆ្នាំង អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ