ទីក្រុងប៉េកាំង ៖ ប្រទេសចិននឹងដាក់ពន្ធ ១៣% លើស្រោមអនាម័យ និងថ្នាំ ឬឧបករណ៍ពន្យារកំណើតផ្សេងទៀត ចាប់ពីឆ្នាំក្រោយ ដោយបញ្ចប់គោលនយោបាយលើកលែងពន្ធរយៈពេលជាង៣០ឆ្នាំរបស់ខ្លួន ខណៈដែលប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ២ ពិភពលោកមួយនេះ កំពុងតស៊ូជាមួយការធ្លាក់ចុះចំនួនប្រជាជនយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Bloomberg កាលពីពេលថ្មីៗនេះ។
ច្បាប់ពន្ធអាករលើតម្លៃបន្ថែម (VAT) ដែលបានកែសម្រួលបានចែងថា អ្នកប្រើប្រាស់ត្រូវតែបង់នៅអត្រា ១៣% លើផលិតផលពន្យារកំណើតដែលត្រូវបានលើកលែងចាប់តាំងពីឆ្នាំ ១៩៩៣ ដោយនៅពេលនោះ ចិនបានលុបចោលពន្ធ ដើម្បីលើកកម្ពស់ផែនការគ្រួសារ និងអនុវត្តគោលនយោបាយកូនតែមួយ។
ការសម្រេចដាក់ពន្ធឡើងវិញលើការពន្យារកំណើត គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយរបស់ចិនលើការកំណត់កំណើតទៅជាការលើកទឹកចិត្ត ស្របពេលវាកើតឡើងនៅពេលដែលប្រទេសនេះ ប្រឈមមុខនឹងវិបត្តិប្រជាសាស្ត្រកាន់តែធ្ងន់ធ្ងរ។ ដ្បិតចំនួនប្រជាជនចិនបានធ្លាក់ចុះជាលើកទី ៣ ជាប់គ្នាក្នុងឆ្នាំ ២០២៤ ដោយការផ្តល់កំណើតមានត្រឹមតែ ៩,៥៤ លាននាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters។ ទិន្នន័យពីការិយាល័យស្ថិតិជាតិចិនបានបង្ហាញថា ចំនួនប្រជាជនចិនបានធ្លាក់ចុះ ១,៣៩ លាននាក់ មកត្រឹម ១,៤០៨ ពាន់លាននាក់ កាលពីឆ្នាំ ២០២៤ ដែលធ្លាក់ចុះពី ១,៤០៩ ពាន់លាននាក់ កាលពីឆ្នាំ ២០២៣។
ជាមួយពន្ធថ្មីលើការពន្យាកំណើត ច្បាប់ VAT ដែលបានធ្វើបច្ចុប្បន្នភាព បានណែនាំការលើកទឹកចិត្តជាច្រើនមានគោលបំណងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើគ្រួសារវ័យក្មេង។
ការលើកលែងពន្ធនឹងត្រូវបានអនុវត្តចាប់ពីខែមករា ឆ្នាំ ២០២៦ ចំពោះការចំណាយលើការថែទាំកុមារចាប់ពីទារកដ្ឋានដល់ថ្នាក់មត្តេយ្យ ក៏ដូចជាការចូលរួមចំណែកដល់សេវាថែទាំមនុស្សចាស់ ការគាំទ្រពិការភាព និងសេវាទាក់ទងនឹងអាពាហ៍ពិពាហ៍។ លើសពីនេះ រដ្ឋាភិបាលកណ្តាលបានអនុវត្តវិធានការគាំទ្រការសម្រាលកូនរួចមកហើយ រួមទាំងការឧបត្ថម្ភសាច់ប្រាក់ សេវាថែទាំកុមារ និងការឈប់សម្រាកមាតុភាពឪពុកម្តាយ។
នៅក្នុងខែកក្កដា ឆ្នាំ២០២៥ ប្រទេសចិនបានណែនាំការផ្តល់ប្រាក់ឧបត្ថម្ភថែទាំកុមារទូទាំងប្រទេសចំនួន ៣ ៦០០យន់ (៥០៣ ដុល្លារអាមេរិក) នៅក្នុង១ឆ្នាំសម្រាប់កុមារម្នាក់ដែលមានអាយុក្រោម ៣ ឆ្នាំ។ ប្រាក់ឧបត្ថម្ភត្រូវបានលើកលែងពីពន្ធលើប្រាក់ចំណូលបុគ្គល ហើយនឹងមិនរាប់បញ្ចូលជាប្រាក់ចំណូលគ្រួសារសម្រាប់ការវាយតម្លៃលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលជំនួយសង្គមនោះទេ។ នេះបើតាមសារព័ត៌មាន China Daily បានចេញផ្សាយ។
កាលពីខែកញ្ញាកន្លងទៅ អាជ្ញាធរចិនក៏បានចេញគោលការណ៍ណែនាំ ដើម្បីកាត់បន្ថយការរំលូតកូនមិនផ្អែកតាមហេតុផលវេជ្ជសាស្ត្រនៅក្នុងប្រទេសផងដែរ។
របាយការណ៍វិទ្យាស្ថានស្រាវជ្រាវប្រជាជន YuWa កាលពីឆ្នាំ ២០២៤ បានរកឃើញថា ចិន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលចំណាយប្រាក់ច្រើនបំផុតនៅលើពិភពលោកក្នុងការចិញ្ចឹមបីបាច់កូន ដោយឪពុកម្តាយចំណាយប្រាក់ប្រមាណ ៥៣៨ ០០០ យន់ (៧៦ ០០០ដុល្លារ) ដើម្បីចិញ្ចឹមកូនម្នាក់រហូតដល់អាយុ ១៨ ឆ្នាំ ដែលច្រើនជាង ៦ ដងនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់របស់ប្រទេសចិន។
យ៉ាងណាមិញ ព័ត៌មានអំពីពន្ធថ្មីនេះ បានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមយក្សចិន Weibo ដោយអ្នកប្រើប្រាស់ជាច្រើននាក់បានសម្តែងការព្រួយបារម្ភថា ការធ្វើឱ្យស្រោមអនាម័យមានតម្លៃថ្លៃជាងមុន អាចបង្កើនការមានផ្ទៃពោះដែលមិនចង់បាន និងធ្វើឱ្យមានការរីករាលដាលជំងឺកាមរោគកាន់តែអាក្រក់ទៅៗផងដែរ៕ ប្រភព ៖ VnExpress


ចែករំលែកព័តមាននេះ