ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានបើកការស្រាវជ្រាវភ្លាមៗ និងឃាត់ខ្លួន បញ្ចូនទៅកាន់តុលាការ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានក្រុមជនសង្ស័យ៣នាក់ជាជនជាតិវៀតណាម ធ្វើសកម្មភាពដើរចងការប្រាក់ (លុយរាប់) ដោយយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋជាការបញ្ចាំ ។
សូមបញ្ជាក់ផងថា កាលពីថ្ងៃទី២៨ កញ្ញា ២០២៥ នៅម៉ោង០៤ និង០០នាទី មានក្រុមជនសង្ស័យ៣នាក់ បានដើរតាមភូមិធ្វើសកម្មភាពដើរចងការប្រាក់ (លុយរាប់) ដោយយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋជាការបញ្ចាំ ។ ភ្លាមៗកម្លាំងសមត្ថកិច្ចក៏ទទួលបានព័ត័មានក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនបានបានចំនួន៣នាក់ នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ៖ ១-ឈ្មោះ រ៉ន ឆរី ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល(មុខរបរ មេផ្ទះ)(ឃាត់ខ្លួន)។ ២-ឈ្មោះង៉ យ៉ាំងធីង ភេទប្រុស អាយុ៤១ឆ្នាំ សញ្ជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (មុខរបរអ្នកបកប្រែ)(ឃាត់ខ្លួន) ។ ៣-ឈ្មោះDO THE HIEN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម រស់នៅក្រុងហាន់ណូយ ប្រទេសវៀតណាម(ឃាត់ខ្លួន) ។
តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលបានខ្ចីប្រាក់បានបញ្ជាក់ថា ជនសង្ស័យតម្រូវឲ្យពួកគេបង់កម្រៃជើងសារចំនួន១០០.០០០រៀលឡើងទៅ និងបង់ត្រឡប់សងតាមរយៈ QR Code របស់គណនី ABA CBដែលមានឈ្មោះ DO THE NIEN។ ក្រុមជនសង្ស័យនេះ បានធ្វើសកម្មភាពចងការប្រាក់ឲ្យប្រជាពលរដ្ឋចំនួន១០នាក់ នៅក្នុងស្រុកកណ្ដាលស្ទឹង គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ កញ្ញា ២០២៥ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានយកលុយមកចងការប្រាក់ ដោយតម្រូវឲ្យប្រជាពលរដ្ឋយកឯកសារដើមដូចជាសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណជាការបញ្ចាំ ទើបអាចខ្ចីបាន។ ពួកគេបានកំណត់ថា សម្រាប់ការខ្ចីប្រាក់១លានរៀល គឺត្រូវបង់ក្នុងរយៈពេល៤២ថ្ងៃ ក្នុងមួយថ្ងៃត្រូវបង់ទាំងការទាំងដើមចំនួន៣០.០០០រៀល និងបង់កម្រៃជើងសារ ១១០.០០០រៀល។
ក្នុងនោះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន៖ សៀវភៅស្នាក់នៅ៤ច្បាប់, សៀវភៅគ្រួសារ១ច្បាប់, អត្តសញ្ញាណប័ណ្ណ១សន្លឹក, ឯកសារកិច្ចសន្យា៩ច្បាប់ដែលបានសរសេររួច, ប្រដាប់កៀប១, ប្រាក់ខ្មែរចំនួន៤.០០០.០០០រៀល, ប្រាក់ដុល្លារចំនួន ១.៥០០ដុល្លារ, លិខិតឆ្លងដែន និងឯកសារផ្សេងៗទៀតមួយចំនួន រួមទាំងម៉ូតូ២គ្រឿង និងទូរសព្ទ៤គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ