ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោម​ព័ទ្ធ​អគារ BAOLI INTER CITY នៅ​ខណ្ឌ​​៧​មក​រា បង្ក្រាប​បទល្មើស Online Scam​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤០​នាក់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគារ BAOLI INTER CITY ត្រូវ​បានក្រុមការងារ​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯក​ភាព​រាជធានី​ភ្នំពេញ ចុះ​ឆែកឆេរ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Online Scams…

រាជធានី​ភ្នំពេញ ៖ អគារ BAOLI INTER CITY ត្រូវ​បានក្រុមការងារ​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯក​ភាព​រាជធានី​ភ្នំពេញ ចុះ​ឆែកឆេរ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Online Scams បាន​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន៤០​នាក់ និង​ដកហូត​សម្ភារៈ​ភស្តុ​តាង​ជា​ច្រើន ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ល្មើសច្បាប់​ចំនួន​៣​ករណី​ផ្សេង​គ្នា ។

ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ នៅ​អគារ​ប៉ោ​លី (BAOLI INTER CITY) ក្នុង​ភូមិ​៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។ ការ​ឆែកឆេរ​បង្ក្រាប​បទល្មើស​នេះ​ ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ពី​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម​ឧត្តម​សេ​នីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​៧​មក​រា ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ពី​លោក​ ​សេង ហៀ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​៤០​នាក់ និង​ដកហូត​សម្ភារៈ​ភស្តុ​តាង​ជា​ច្រើន ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ល្មើសច្បាប់​ចំនួន​៣​ករណី​ផ្សេង​គ្នាៈ ១- ករណី​ឆបោក​អូស​ទាញ​ឱ្យ​វិនិយោគ មាន​ជនសង្ស័យ ២២​នាក់ (​ចិន ២០​នាក់ និង​រុ​ស្ស៊ី ២​នាក់​) និង​ដកហូត​ទូរ​សព្ទ​ដៃ ៥២៨​គ្រឿង​, កុំព្យូទ័រ​លើ​តុ ៣៥​គ្រឿង​, ធុង CPU ៣០​គ្រឿង និង​កុំព្យូទ័រ​យួរដៃ​មួយ​ចំនួន​។

តាម​រយៈ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ក្រុម​នេះ​បាន​ធ្វើ​សកម្មភាព​ឆបោក​ក្នុង​រូបភាព​អូស​ទាញ​ជន​រង​គ្រោះ​ឱ្យ​ដាក់​ប្រាក់​វិនិយោគ​។ ២-ករណី​ប្រើប្រាស់​រូបភាព​នារី​ស្អាត​ៗ​បោកប្រាស់​លេងល្បែង មាន​ជនសង្ស័យ​ជា ជនជាតិ​បង់​ក្លា​ដេ​ស ១២​នាក់ និង​ដកហូត កុំព្យូទ័រ​យួរដៃ ៥​គ្រឿង និង​ទូរ​សព្ទ​ដៃ​មួយ​ចំនួន ដោយ ក្រុម​នេះ​ប្រើប្រាស់​រូបភាព​នារី​ស្អាត​ៗ​ដើម្បី​ទាក់ទាញ និង​បោកប្រាស់​ជន​រង​គ្រោះ​ឱ្យ​លេងល្បែង​លើ​គេហទំព័រ​ក្លែងក្លាយ និង​៣-ករណី​ស្នាក់​នៅ​ខុសច្បាប់​កម្លាំង​ជំនាញ​បាន​រក​ឃើញ​ជនបរទេស​ចំនួន ៦​នាក់ (​ថៃ​, មី​យ៉ា​ន់​ម៉ា​, វៀតណាម និង​ចិន​) ដែល​ពុំ​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ខាងលើ​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​បន្ត​អនុវត្ត​នីតិវិធី​តាម​ផ្លូវច្បាប់ យ៉ាង​ម៉ឺងម៉ាត់​បំផុត​។

គួរ​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ ទី​២៣ ខែមេសា ឆ្នាំ​២០២៦ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ឱ្យ​សមត្ថកិច្ច និងកងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ការ​បង្ក្រាប​បទល្មើស​នេះ​ដោយ​គ្មាន​បង្អង់​ដៃ​ឡើយ​។

សម្តេច​ធិ​បតីបាន​បញ្ជាក់​ថា ច្បាប់​មាន​ហើយ ដូច្នេះ​ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​ម៉ត់ចត់ និង​ឱ្យ​មាន​ប្រសិទ្ធភាព​ដោយ​មិន​បន្ធូរ​ដៃ និង​ដោយ​គ្មាន ការ​លើកលែង​ឡើយ ពោល​គឺ​មិន​បញ្ឈប់​ត្រឹម​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នេះ ដូចដែល​មាន​មតិ​មួយ​ចំនួន បាន​លើក​ឡើង​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ