ទីក្រុងម៉ូស្គូ៖ រុស្ស៊ីប្រហែលជាមានអារម្មណ៍នៅមិនស្រណុកខ្លួនប៉ុន្មានទេបន្ទាប់ពីមានតម្រុយខ្លះៗថាអាមេរិកអាចនឹងបញ្ជូនគ្រាប់មីស៊ីលបណ្ដែតម៉ាកថូម៉ាហក (Tomahawk) ទៅឱ្យអ៊ុយក្រែន។ រឿងនេះកាន់តែច្បាស់តាមរយៈការបង្ហើបឱ្យដឹងពីអនុប្រធានាធិបតីអាមេរិកនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ហ្វក់ (Fox)។ លោកថារដ្ឋាភិបាលរបស់លោកកំពុងពិចារណាដោយល្អិតល្អន់ទៅលើរឿងនេះតបតាមសំណើរបស់រដ្ឋាភិបាលទីក្រុងកៀវដែលចង់បានមីស៊ីលនេះតាំងពីយូរមកហើយ។
កាលពីពេលកន្លងមក លោកត្រាំមិនយល់ព្រមផ្ដល់មីស៊ីលនេះទៅឱ្យអ៊ុយក្រែនទេព្រោះមែនទែនទៅលោកមិនមែនខ្លាចអំណាចរបស់រុស្ស៊ីទេ ប៉ុន្តែលោកមិនចង់ពង្រីកសង្គ្រាមនេះឱ្យកាន់តែធំ។ គោលដៅរបស់លោកគឺចង់រំលត់ភ្លើងសង្គ្រាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទោះជាយ៉ាងណាក្ដី នៅដំណាក់កាលចុងក្រោយនេះ លោកត្រាំចាប់ផ្ដើមមានអារម្មណ៍ខឹងសម្បារដែលថ្នាក់ដឹកនាំរុស្ស៊ីមិនព្រមទទួលយកបទឈប់បាញ់ ហើយវាយប្រហារអ៊ុយក្រែនរឹតតែខ្លាំងឡើងៗ។
ថ្ងៃនេះ រុស្ស៊ីព្រមានថាបើសិនអាមេរិកហ៊ានបញ្ជូនមីស៊ីលថូម៉ាហកទៅឱ្យអ៊ុយក្រែនបាញ់ចូលទឹកដីរុស្ស៊ី ពេលនោះនឹងមានរឿងធំជាមួយគ្នាជាមិនខាន។ ឥឡូវនេះ យោធារបស់រុស្ស៊ីកំពុងវិភាគសភាពការណ៍ថ្មីនេះដើម្បីចង់ដឹងថាតើអាមេរិកបានត្រឹមតែនិយាយតែមាត់ ឬក៏បញ្ជូនមីស៊ីលនេះទៅឱ្យអ៊ុយក្រែនមែន។ មីស៊ីលនេះមានវង់ប្រតិបត្តិការ២៥០០គីឡូម៉ែត្រ។
បើសិនមីស៊ីលនេះបាញ់ចេញពីទឹកដីអ៊ុយក្រែន វាអាចវាយប្រហារទីក្រុងម៉ូស្គូ និងទីតាំងដទៃទៀតដែលនៅជាប់នឹងទ្វីបអឺរ៉ុបដោយមិនពិបាក។ មិនទាន់ទទួលបានមីស៊ីលនេះនៅក្នុងដៃផង ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ព្រលយពាក្យទុកមុនទៅហើយថាមន្ត្រីជាន់ខ្ពស់នៅវិមានក្រឹមឡាំងសូមប្រញាប់រកកន្លែងលាក់ខ្លួនក្រោមដីទុកឱ្យហើយទៅ។
រហូតមកដល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថាតើមីស៊ីលថូម៉ាហកនេះបើសិនអាមេរិកសម្រេចចិត្តបញ្ជូនទៅឱ្យអ៊ុយក្រែនមែនតើបញ្ជូនទៅដោយរបៀបណា (ដោយផ្ទាល់ ឬមិនផ្ទាល់?) ហើយបើសិនបញ្ជូនតាមរយៈប្រទេសទីបីថាតើបញ្ជូនតាមប្រទេសណា? លោកហ្សេឡិនស្គីបានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោនលក់មីស៊ីលនេះទៅឱ្យប្រទេសនៅប៉ែកអឺរ៉ុប។ បន្ទាប់មក ប្រទេសទាំងនោះនឹងបញ្ជូនបន្តទៅឱ្យអ៊ុយក្រែន។
នៅក្នុងក្រសែភ្នែករបស់វិមានក្រឹមឡាំង ទោះបីបញ្ជូនមីស៊ីលនេះទៅដល់ដៃអ៊ុយក្រែនដោយវិធីណាក៏ដោយ ក៏វាជាការបញ្ជាក់ច្បាស់ថាអាមេរិកលូកដៃកាន់តែជ្រៅចូលទៅក្នុងសង្គ្រាមអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំងចោទជាសំណួរថាតើមីស៊ីលនេះបើកប្រតិបត្តិការដោយទាហានអ៊ុយក្រែន? ឬក៏មានជំនួយពីក្រុមអ្នកបច្ចេកទេសរបស់អាមេរិក? តើនរណាជាអ្នកកំណត់ថាត្រូវបាញ់ទៅលើគោលដៅណាខ្លះ (នៅរុស្ស៊ី)? អាមេរិក ឬអ៊ុយក្រែនជាអ្នកធ្វើរឿងនេះ? ទាំងនេះជាបញ្ហាដែលរុស្ស៊ីត្រូវការវិភាគយ៉ាងល្អិតល្អន់។
លោកអានដ្រេ កាតាប៉ូឡូស (Andrei Kartapolov) ជាប្រធានគណៈកម្មការរដ្ឋសភាទទួលបន្ទុកខាងការពារជាតិ។ លោកថ្លែងថាក្រុមអ្នកជំនាញយោធាដែលជួយបង្ហាត់បង្ហាញអ៊ុយក្រែនដើម្បីបាញ់មីស៊ីលថូម៉ាហកអាចនឹងក្លាយជាគោលដៅដែលរុស្ស៊ីត្រូវវាយប្រហារ។ ដល់ពេលនោះ គ្មាននរណាអាចជួយពួកគេបានឡើយមិនថាលោកត្រាំ, លោកខេតខេឡក់ (Kei Kellogg) (ជាទីប្រឹក្សារបស់លោកត្រាំ) ឬអ្នកដទៃទៀតនោះទេ។
តាមមើលទៅ រឿងនេះមិនសាមញ្ញពេកទេ។ ហេងស៊យអាមេរិកអាចនឹងបញ្ជូនមីស៊ីលនេះទៅឱ្យអ៊ុយក្រែនមែន។ ស្មានមិនត្រូវ មីស៊ីលនេះអាចនឹងដឹកទៅដល់អ៊ុយក្រែនជាបណ្ដើរៗហើយក៏មិនដឹង។ គ្មាននរណាអាចប៉ាន់ស្មានត្រូវទេ។ កុំភ្លេចថាកាលពីពេលថ្មីៗនេះ លោកត្រាំប្រកាសថាអ៊ុយក្រែនអាចវាយយកទឹកដីរបស់ខ្លួនទាំងអស់ត្រឡប់មកវិញ។ ក្រោយមកលោកព្រលយពាក្យថាសហភាពអឺរ៉ុប និងអង្គការណាតូអាចប្រើប្រាស់អាវុធរបស់អាមេរិកដើម្បីជួយអ៊ុយក្រែន។ នៅក្នុងបទសម្ភាសកាលពីថ្ងៃអាទិត្យ លោកខេតខេឡក់ថ្លែងថាលោកត្រាំបានឱ្យសញ្ញារួចហើយថាអ៊ុយក្រែនគួរណាស់មានសិទ្ធិវាយប្រហារឆ្ងាយៗចូលទឹកដីរុស្ស៊ី។
ទន្ទឹមនឹងការព្រមានថាអាចនឹងមានរឿងធំជាមួយគ្នាបើសិនអាមេរិកផ្ដល់មីស៊ីលថូម៉ាហកទៅឱ្យអ៊ុយក្រែន អ្នកនាំពាក្យវិមានក្រឹមឡាំងយល់ថាបើទុកជាអ៊ុយក្រែនមានមីស៊ីលនេះក៏គ្មានអ្វីគួរឱ្យអស្ចារ្យដែរ។ លោកចង់មានន័យថាមិនមែនមានមីស៊ីលនេះនៅក្នុងដៃ អ៊ុយក្រែនអាចវាយឈ្នះរុស្ស៊ីនោះទេ។ អតីតប្រធានាធិបតីរុស្ស៊ី និងបច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីថ្លែងថាពួកអឺរ៉ុបគ្មានគីឡូហក់ជាមួយរុស្ស៊ីទេ។ ប៉ុន្តែពេលខ្លះការថ្លោះធ្លោយអាចនឹងកើតឡើងដោយជៀសមិនរួច។ នេះបើយោងតាមប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ