រាជធានីភ្នំពេញ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលាខាងមុខនេះ ។
យោធភូមិភាគទី៥ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញរួចហើយ ទៅកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕
ចែករំលែកព័តមាននេះ