ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តបានបើកកិច្ចប្រតិបត្តិការស្វែងរុករកប្រទះឃើញរថយន្តបាកុង(អារ៉េវ)ចំនួន៣គ្រឿងជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី០១ និងនៅព្រឹកព្រលឹមថ្ងៃទី០២ កញ្ញា នេះ ដែលគេសង្ស័យថា ជារថយន្តរបស់ក្រុមហ៊ុន«រ័ត្នសម្បត្តិ»ដែលលាក់ទុកនៅក្នុងព្រៃជ្រៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំឡូត ។ នេះបើតាមព័ត៌មានបឋមដែលផ្ដល់ដោយមន្ត្រីកងរាជអាវុធហត្ថខេត្ត ។ សូមរំលឹកថា៖ ឡានបាកុងរាប់សិបគ្រឿង លាក់ខ្លួនក្នុងព្រៃសំឡូត ..!
លោកអ៊ន ជ្រីសៅរ៍មណ្ឌល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដែលដឹកនាំកិច្ចប្រតិបត្តិការនេះផ្ទាល់ បានប្រាប់កោះសន្តិភាពនៅព្រឹកនេះថា បើគិតចាប់ពីថ្ងៃទី០១ រហូតដល់ព្រឹកថ្ងៃទី០២ កញ្ញា កម្លាំងរបស់លោកបានរកឃើញរថយន្តបាកុង សម្រាប់ដឹកឈើចំនួន៣គ្រឿងហើយ ។ លោកបានប្រាប់ថា រថយន្ត
បទ ល្មើសទាំងនេះ ត្រូវបានរកឃើញនៅក្នុងភូមិសាស្ត្រចន្លោះទឹកដីឃុំស៊ុង និងឃុំតាតោក ស្រុកសំឡូត ដែលគេសង្ស័យជារថយន្តរបស់ក្រុមហ៊ុនខាងលើនេះ ។ លោកមេបញ្ជាការរងរូបនេះបានបញ្ជាក់ថា
ពេលកម្លាំងរបស់លោកកំពុងគ្រប់គ្រងទីតាំងលាក់រថយន្តទាំងនេះនៅឡើយ និងកំពុងរងចាំបទបញ្ជា
ថ្នាក់លើ ដើម្បីចាត់វិធានការបន្ត ខណ:កម្លាំងមួយចំនួនទៀត កំពុងរុករកនៅតាមភូមិសាស្ត្រនានាទៀត ។
សូមបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយកោះសន្តិភាព កាលពីសប្ដាហ៍មុននេះ ពាក់ព័ន្ធនឹងរថយន្តប្រព្រឹត្តបទល្មើសព្រៃឈើរបស់ក្រុមហ៊ុន រ័ត្នសម្បត្តិ ដែលពលរដ្ឋប្រទះឃើញរាប់សិបគ្រឿង កំពុងលាក់នៅក្នុងព្រៃ លោកឆាយ ណារ៉េត នាយសង្កាត់ព្រៃឈើស្រុកសំឡូត បានប្រកែកយ៉ាងដាច់អហង្ការថា «គ្មានរថយន្តបាកុង ឬសម្ភារប្រព្រឹត្តបទល្មើសព្រៃឈើមានលាក់ទុកនៅក្នុងព្រៃនៅស្រុកសំឡូតទេ សូមកុំជឿ..! ខ្ញុំមិនជឿទេ..! ក្រុមហ៊ុនបានដឹកចេញអស់ហើយ..! បើមានមែន សូមឱ្យពលរដ្ឋនាំខ្ញុំទៅមើល ខ្ញុំសុខចិត្តចាយលុយ..» ។
ប៉ុន្តែពេលនេះ កម្លាំងកងរាជអាវុធហត្ថបានរុករកឃើញរថយន្តបាកុងចំនួន៣គ្រឿងហើយ ដែលគេសង្ស័យថា ជារថយន្តរបស់ក្រុមហ៊ុនរ័ត្នសម្បត្តិទៀតផង ។ គេមិនទាន់ដឹងថា តើពេលនេះ លោកឆាយ ណារ៉េត នាយសង្កាត់ព្រៃឈើស្រុកសំឡូតនឹងត្រូវពន្យល់ ឬឆ្លើយតបបែបណាទេ ទៅកាន់មហាជន និងមេកើយរបស់ខ្លួន ខណ:ដែលលោកធ្លាប់បានប្រកែកកោកៗថា គ្មានរថយន្តប្រព្រឹត្តបទល្មើសព្រៃឈើមួយគ្រឿងណា ដែលបានលាក់ទុកនៅក្នុងព្រៃ ក្នុងទឹកដីរបស់ខ្លួនគ្រប់គ្រងទេ តែមិនទាន់ផុតពីមាត់ផង ស្រាប់តែត្រូវកម្លាំងកងរាជអាវុធហត្ថរកឃើញរហូតដល់ទៅ០៣គ្រឿងជាបន្តបន្ទាប់។ តើការបដិសេធរបស់លោកនាយសង្កាត់ព្រៃឈើរូបនេះ អាចចាត់ទុកថា ជាការជួយបិទបាំងបទល្មើស ឬជួយលាក់បាំងវត្ថុតាងប្រព្រឹត្តបទ ល្មើសដែរ ឬយ៉ាងណា.?
ទោះយ៉ាងណា បើតាមប្រភពនានាដែលកោះសន្តិភាពទើបទទូលបានជាបឋម នៅព្រឹកថ្ងៃទី០២ កញ្ញា នេះ បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថបានរកឃើញរថយន្តបាកុងនេះប៉ុន្មានគ្រឿងបន្ថែមទៀតហើយ ដែលសរុបជិត១០គ្រឿងហើយ ។ ប៉ុន្តែយ៉ាងណា នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ។ ហើយពេលនេះ កម្លាំងសមត្ថកិច្ចកំពុងបន្តការរុករកពេញព្រៃនៃស្រុកសំឡូតយ៉ាងក្ដៅគគុកនៅឡើយ ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត។
ចែករំលែកព័តមាននេះ