ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហម​អន្តរជាតិ ប្រាប់ថា ទាហាន​កម្ពុជា​ទាំង​១៨​រូប កំពុងឃុំគ្រង​របស់​ថៃ មាន​សុវត្ថិភាព និង​​សុខភាព​ល្អ​ទាំងអស់​គ្នា

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ បាន​បញ្ជាក់​ថា ទាហាន​យើង​ទាំង​១៨​រូប នៃ​កង​យោធពលខេមរភូមិន្ទ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​ភាគី​ថៃ​នោះ គឺ​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា ។…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ បាន​បញ្ជាក់​ថា ទាហាន​យើង​ទាំង​១៨​រូប នៃ​កង​យោធពលខេមរភូមិន្ទ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​ភាគី​ថៃ​នោះ គឺ​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ទីស្តីការ​ក្រសួងការពារជាតិ ដោយ​បានការ​អនុញ្ញាត​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក រ៉ាត់ ដា​រ៉ា​រ័​ត្ន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ជាមួយ​គណៈប្រតិភូ​គណៈកម្មាធិការ​អន្តរជាតិ នៃ​កាកបាទក្រហម (ICRC) ដឹកនាំ​ដោយ​លោក Jurg Montani ប្រធាន​ប្រតិភូ​គណៈកម្មាធិការ​អន្តរជាតិ នៃ​កាកបាទក្រហម ប្រចាំ​ភូមិភាគ ។

នៅ​ក្នុង​ជំនួប​នោះ លោក Jurg Montani ក៏​បាន​ចែករំលែក​ផង​ដែរ នូវ​ព័ត៌មាន​អំពី​ការ​ចុះ​សួរសុខទុក្ខ​ជា លើក​ទី​៤ នាយទាហាន​ទាំង ១៨​រូប នៃ​កង​យោធពលខេមរភូមិន្ទ ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ គ្រង​របស់​យោធា​ថៃ ក្រោយ​ការ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​។ ចំពោះ​ការ​ចុះ​សួរ​សុខ ទុក្ខ​លើក​ទី​៤ ពី​សំណាក់​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​នោះ បាន​បញ្ជាក់​ថា ទាហាន​យើង​ទាំង ១៨​រូប នៃ​កង​យោធពលខេមរភូមិន្ទ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​ភាគី​ថៃ​នោះ គឺ​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា ។

លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ថា លោក​បាន​ប្រគល់​ជូន​លិខិត​ដំណឹង គ្រួសារ​របស់​យុទ្ធ​ជន​ទាំង ១៨​រូប សម្រាប់​ជូន​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ជា​លើក​ទី​៤ តាម​រយៈ​ការ សម្របសម្រួល​របស់​កាកបាទក្រហមកម្ពុជា ។

ឧត្តមសេនីយ៍ឯក រ៉ាត់ ដា​រ៉ា​រ័​ត្ន បាន​អំពាវនាវ​ឱ្យ​គណៈកម្មាធិការ​អន្តរជាតិ នៃ​កាកបាទក្រហម (ICRC) បន្ត​ត្រួតពិនិត្យ និង​តាមដាន​សុខុមាលភាព សុវត្ថិភាព និង​លក្ខខណ្ឌ​រស់នៅ​របស់​នាយទាហាន ទាំង​១៨​រូប ដោយ​គោរព​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ ។

ជាមួយ​គ្នា​នេះ​ដែរ ឧត្តមសេនីយ៍ឯក ក៏​បាន​អំពាវនាវ​ឱ្យ​គណៈកម្មាធិការ​អន្តរជាតិ នៃ​កាកបាទ ក្រហម (ICRC) ជួយ​ជំរុញ​ឱ្យ​យោធា​ថៃ​បញ្ឈប់​រាល់​អរិភាព​ជា​បន្ទាន់ ដោយ​ដក​កម្លាំង​ចេញពី​ដែន​អធិបតេយ្យ​របស់​កម្ពុជា និង​ចៀសវាង​សកម្មភាព​ឈ្លានពាន ដែល​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព នៅ​ក្នុង​តំបន់ ។

ឧត្ដមសេនីយ៍ឯក ក៏​បាន​គូសបញ្ជាក់​ជូន​ប្រធាន​ប្រតិភូ​គណៈកម្មការ​អន្តរជាតិ នៃ​កាកបាទក្រហម​ថា កង​យោធពលខេមរភូមិន្ទ បាន​គោរព​យ៉ាង​ម៉ឺង​មាត់ ស្មោះត្រង់ និង​ដោយ​សុ​ឆ្ឆន្ទៈ ពិតប្រាកដ​នូវ​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​-​ថៃ ។

ក្រសួងការពារជាតិ បាន​នឹង​កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ឥត​ឈប់​ឈរ នូវ​គ្រប់​យន្តការ​ដោះស្រាយ ទាំងអស់​លើ​ករណី​នេះ ដើម្បី​ឱ្យ​ភាគី​ថៃ​ដោះ​លែង​កងកម្លាំង​របស់​យើង​ទាំង ១៨​នាក់​នោះ វិល​ត្រលប់​មក វិញ​ឱ្យ​បាន​ឆាប់រហ័ស​ជាទី​បំផុត និង​ដោយ​សុខ​សុវត្ថិភាព ។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​កង​យោធពលខេមរភូមិន្ទ មិន​ដែល​បោះបង់​កងកម្លាំង​របស់​យើង​ណា​ម្នាក់​ចោល​នោះ​ឡើយ ទោះ​ក្នុង កាលៈទេសៈ​ណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ