ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានបា​កុង​រាប់​សិប​គ្រឿង​ លាក់ខ្លួន​ក្នុង​ព្រៃ​​សំឡូត ..!

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គេ​កំពុង​សង្ស័យ​ថា រថយន្ត​បា​កុង​ដឹកឈើ​(​អា​រ៉េវ​)​រាប់​សិប​គ្រឿង​របស់ក្រុមហ៊ុន​មួយ ដែល​តែងតែ​កាប់​បំផ្លាញ​ព្រៃឈើ នៅ​ក្នុងស្រុក​សំឡូត​នា​ពេល​កន្លង​មក កំពុង​សម្ងំ​លាក់ខ្លួន​យ៉ាង​សុខសាន្ត​នៅ​ក្នុង​ព្រៃ​នៃ​ភូមិសាស្ត្រ​នានា​ក្នុងស្រុក​នេះ​នៅឡើយ ខណៈ​ការ​ចុះ​បង្ក្រាប ឬ​ការ​ចុះ​ស្រាវជ្រាវ​ស្វែងរក​បទល្មើស​ព្រៃឈើ និង​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ​ពី​សំណាក់​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ…

ខេត្តបាត់ដំបង ៖ គេ​កំពុង​សង្ស័យ​ថា រថយន្ត​បា​កុង​ដឹកឈើ​(​អា​រ៉េវ​)​រាប់​សិប​គ្រឿង​របស់ក្រុមហ៊ុន​មួយ ដែល​តែងតែ​កាប់​បំផ្លាញ​ព្រៃឈើ នៅ​ក្នុងស្រុក​សំឡូត​នា​ពេល​កន្លង​មក កំពុង​សម្ងំ​លាក់ខ្លួន​យ៉ាង​សុខសាន្ត​នៅ​ក្នុង​ព្រៃ​នៃ​ភូមិសាស្ត្រ​នានា​ក្នុងស្រុក​នេះ​នៅឡើយ ខណៈ​ការ​ចុះ​បង្ក្រាប ឬ​ការ​ចុះ​ស្រាវជ្រាវ​ស្វែងរក​បទល្មើស​ព្រៃឈើ និង​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ​ពី​សំណាក់​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ហាក់​មិន​កម្រើក​ក្នុង​ស្ថានភាព​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ ។

ប្រភព​ព័ត៌មាន​នានា​ពី​អ្នកស្រុក​សំឡូត​បាន​ទម្លាយ​ប្រាប់​កោះសន្តិភាព កាលពី​ចុង​ស​ប្ដា​ហ៍​មុននេះ​ថា គេ​បាន​ប្រទះ​ឃើញ​រថយន្ត​បា​កុង​ដឹកឈើ​រាប់​សិប​គ្រឿង​កំពុង​សម្ងំ​លាក់ខ្លួន​ពួន​អាត្មា​នៅក្នុង​ព្រៃ​ជ្រៅ​នៅ​តំបន់​«​ថ្ម​បាំង​ឬ​តំបន់​ភ្នំ​សំ​កុស ឬ​នៅ​តាម​តំបន់​ព្រៃ​ដទៃ​ទៀត​» ក្នុងភូមិ​សាស្ត្រ​នានា​នៃ​ទឹកដី​ឃុំ​តា​តោក ស្រុក​សំឡូត ។ ប្រភព​នេះ​បាន​ប្រាប់​ថា រថយន្ត​ទាំងនោះ​ភាគច្រើន​ជា​រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន រ័​ត្ន សម្បត្តិ ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​អូរ​ក្រូច ឃុំ​តា​តោក ស្រុក​សំឡូត ។

គេ​និយាយ​ថា ពេល​ខ្លះ​គេ​ក៏​ធ្លាប់​ប្រទះ​ឃើញរថយន្ត​ប្រភេទ​នេះ​រាប់​សិប​គ្រឿង​ទៀត ត្រូវ​បានគេ​បញ្ជូន​ពី​តំបន់​ដទៃ​ទៀត ចូល​មក​សម្ងំ​លាក់ខ្លួន នៅ​ក្នុងភូមិ​សាស្ត្រ​នានា​នៃ​ស្រុក​សំឡូត​នេះ​ដែរដែល​ភាគច្រើន​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ។ រថយន្ត​បា​កុង​ទាំងនោះ ទំនង​ពួក​ប្រព្រឹត្ត​បទ ល្មើស​ព្រៃឈើ​បញ្ជូន​មក​ពី​តំបន់​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ឆ្លង​ព្រំប្រទល់​ខេត្ត​ទាំង​២ ឆ្ពោះ​ចូល​មក​កាន់​ស្រុក​សំឡូត ដើម្បី​រត់គេច​ពី​ការ​តាម ចាប់​របស់​សមត្ថកិច្ច ។

គេ​ក៏​មិន​ធ្លាប់​ឃើញ​អាជ្ញាធរ ឬ​មន្ត្រី​ព្រៃឈើ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​នៅ​ក្នុងស្រុក​សំឡូត ឬ​កម្លាំង​មក​ពី​ខេត្ត ចុះ​បង្ក្រាប​ឬ​ស្រាវជ្រាវ​ស្វែងរក​រថយន្ត​បា​កុង ឬ​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ទាំងនេះ​នៅឡើយ​ទេ រហូត​មក​ដល់​បច្ចុប្បន្ន ដែល​ធ្វើ​ឲ្យ​ស្រុក​នេះ​កំពុង​ក្លាយជា​ជម្រក​ដ៏​សុខសាន្ត​នៃ​ការ​លាក់បាំង​វត្ថុ​តាង​បទល្មើស​ព្រៃឈើ ។ ពោល​គឺ​ស្ងាត់ច្រៀប​តែ​ម្ដង ខណៈ​ការ​បង្ក្រាប​កំពុង​កក្រើក​ខ្លាំង នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស ។

អ្នកស្រុក​សំឡូត​បាន​បង្ហើប​ឲ្យ​ដឹង​ថា បើ​តាម​ការ​តាមដាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​នានា​របស់​ក្រុមហ៊ុន​នេះ ហាក់​ទើប​មានការ​ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី​កន្លង​ទៅ​នេះ​ទេ ។ ប៉ុន្តែ​សម្ភារ​គ្រឿងយន្ត ឬ​រណារ​យន្ត សម្រាប់​អារច្រៀក ឬ​កាប់​បំផ្លាញ​ព្រៃឈើ និង​រថយន្ត​ដឹក​ជញ្ជូន​ឈើ​រាប់​សិប​គ្រឿង ហាក់​មិន​ទាន់​ឃើញ​មាន​សកម្មភាព​ដឹក​ជ​ញ្ចូ​ន​ចេញពី​ទឹកដី ស្រុក​សំឡូត​នៅឡើយ តែ​អាច​បញ្ជូន​ចេញពី​ទីតាំង​ក្រុមហ៊ុន​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ជ្រៅ តាម​តំបន់​ភ្នំ​នានា​ក្នុងស្រុក​នេះ ។

កោះសន្តិភាព មិន​អាច​ស្វែងរក​ប្រភព​ណាមួយ​ពី​ក្រុមហ៊ុន រ័​ត្ន សម្បត្តិ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ឬ​សិទ្ធិ​គ្រប់គ្រង​ដី​ព្រៃ​សម្បទាន​រាប់ពាន់​ហិ​កតា​នៅ​តំបន់​នោះ ដើម្បី​បំភ្លឺ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ជុំវិញ​ព័ត៌មាន​នានា ដែលអ្នកស្រុក​សំឡូត​បាន​ទម្លាយ​កាលពី​ស​ប្ដា​ហ៍​មុន ។ប៉ុន្តែ​ជុំវិញ​ការ​លើក​ឡើង​អំពី​ការ​ពួន​សម្ងំ​នៃ​រថយន្ត​បា​កុង​ដឹកឈើ​រាប់​សិប​គ្រឿង​នៅ​ពាសពេញ ទឹកដី​ស្រុក​សំឡូត​នេះ ត្រូវ​បាន​មន្ត្រី​ព្រៃឈើ​ប្រចាំ​ស្រុក​សំឡូត​បដិសេធ និង​ច្រានចោល​យ៉ាង​ដាច់អហង្កា​ថា «​គ្មាន​ទេ​» ។

នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​សំឡូត លោក ឆាយ ណា​រ៉េ​ត បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា​ថា «​គ្មាន​ការ​លាក់បាំង​រថយន្ត​ដឹកឈើ ឬ​វត្ថុ​តាង​បទល្មើស​ព្រៃឈើ​នៅ​ក្នុងស្រុក​សំឡូត​ទេ​»​។លោក​បាន​ប្រាប់​ថា ក្រុមហ៊ុន រ័​ត្ន សម្បត្តិ បានផ្អាក​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​នេះ​ហើយ ។ ពេល
នេះ ក្រុមហ៊ុន​ក៏​បាន​ដឹក​ជញ្ជូន​សម្ភារ​នានា ឬរថយន្ត​ដឹក​ជញ្ជូន​ចេញពី​ក្រុមហ៊ុន​អស់ហើយ​ដែរមិន​មាននៅ​សេសស​សល់​អ្វី​ទេ ។

ឆ្លើយ​នឹង​សំណួរ​ដែល​អ្នកស្រុក​អះអាង​ថា គេ​បាន​ប្រទះ​ឃើញ​រថយន្ត​បា​កុង ឬ​សម្ភារ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​របស់​ក្រុមហ៊ុន​នេះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​លាក់​នៅ​តាម​ព្រៃ តើ​រឿង​នេះ​ពិត​ឬ​យ៉ាងណា​ដែរ ? លោកនាយ​សង្កាត់​រដ្ឋបាលព្រៃឈើ​រូប​នេះ​បាន​បញ្ជាក់​ភ្លាម​ៗ​ថា «​គ្មាន​ទេ​…​កុំទៅ​ជឿ​នោះ​…​គេ​ដឹក​ចេញ​អស់ហើយ​» ។ លោក ឆាយ ណា​រ៉េ​ត បាន​និយាយ​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​មិន​ជឿ​ថា មាន​រថយន្ត​ដឹកឈើ ឬ
វត្ថុ​តាង​នានា​ត្រូវ​បាន​គេ​លាក់​នៅ​ក្នុង​ព្រៃ​ទេ ។

ក្រុមហ៊ុន​បាន​ដឹក​ជញ្ជូន​ចេញពី​ទីតាំង​អស់ហើយ​។ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​ណា​បានឃើញ​រថយន្ត​ដឹកឈើ ឬ​វត្ថុ​តាង​បទល្មើស​មាន​លាក់​នៅ​ក្នុង​ព្រៃ​កន្លែង​ណា សូម​ឲ្យ​ជូន​ខ្ញុំ​ទៅ​មើល ហើយ​ខ្ញុំចាយ​លុយ​…​ខ្ញុំ​មិន​ជឿ​ទេ​» ។ លោក ឆាយ ណារ៉េ​ត ក៏​បាន​បញ្ជាក់​ដែរ​ថា ពេល​នេះ​ក្រុមហ៊ុន​បាន​បិទទ្វារ​ហើយ មាន​តែ​កម្មករ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​នៅ​យាម​ទីតាំង ។ ដូច្នេះ គ្មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ទៀត​ទេ សម្រាក​អស់ហើយ ។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​នា​ពេល​នេះ ទីតាំង​ក្រុមហ៊ុន រ័​ត្ន សម្បត្តិ ហាក់​ស្ថិត​ក្នុង​សភាព​ស្ងាត់ជ្រងំ តែ​គ្រប់​ច្រក​ចេញចូល​ត្រូវ​បាន​បិទ​បា​រ៉ា​ស់​ជាប់ ហើយ​ច្រក​ខ្លះ​មានកម្ម​ករ​យាម រីឯ ច្រក​ខ្លះ​គ្មាន​ទេ ។ ប៉ុន្តែ​អ្នកស្រុក​នៅ​តំបន់​នោះនិយាយ​ថា ភាព​ស្ងាប់​ស្ងាត់​មិនមែន​ទើប​កើត​មាននៅ​ពេល​នេះ​ទេ គឺ​កើត​មាន​រាប់​ឆ្នាំ​មក​ហើយ ។ អ្នក​ភូមិ​និយាយ​ទៀត​ថា កន្លង​មក​ក្រុមហ៊ុន​នេះ​តែ​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​យ៉ាង​គគ្រឹក
គ្រេង​នៅ​ពេល​យប់ រីឯ​ពេល​ថ្ងៃ​ស្ងាត់​ដូច​ចោរលួច​សេះ​។

ដោយឡែក អ្នកយាម​កុងត្រូល​វិញមាន​តែ​មន្ត្រី​យោធា តែ​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​គ្មាន​ប្រវត្តិ​ច្បាស់​លាស់​ចេញចូល​សេរី​ឡើយ​។ ប៉ុន្តែ​ពេល​នេះ​បាត់​មុខ​យោធា​ពី​តាម​កុងត្រូល​ចូល​ក្រុមហ៊ុន​អស់ហើយ មាន​តែ​កម្មករម្ដង​ឃើញ​ម្ដង​បាត់ ។ យ៉ាងណា​ក៏​ដោយ គេ​នៅ​តែ​សង្ស័យ​ថា ក្រុមហ៊ុន​នេះ​ទំនង​នៅ​តែ​អាច​ឆ្មក់​លួច​ដឹកឈើ​ចេញ​លួចលាក់​ម្ដងម្កាល នៅ​ពេល​ស្ថានភាព​ស្ងប់ស្ងាត់ ។

ពាក់ព័ន្ធ​នឹង​ការ​ចុះ​ស្វែងរក​វត្ថុ​តាង​បទល្មើស​ព្រៃឈើ​របស់​ក្រុមហ៊ុន​ខាងលើ និង​វត្ថុ​តាង រថយន្ត​បា​កុង​ដឹកឈើ​នានា ដែល​គេ​សង្ស័យថា​បាន​បញ្ជូន​ពី​ខេត្តពោធិ៍សាត់​យក​មក​លាក់ទុក​នៅ​ក្នុងភូមិ​សាស្ត្រ​នានា ក្នុងស្រុក​សំឡូត​នេះ បើ​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ពេល​នេះ​ក្រុម​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទូ​ទាំង​ប្រទេស​ដែល​ដឹកនាំ​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កំពុង​ត្រៀម​ចុះ​ស្វែង​រុករក​វត្ថុ​តាង​បទល្មើសព្រៃឈើ ដែល​កំពុង​សម្ងំ​លាក់ខ្លួន​ពួន​អាត្មា​នៅ​ក្នុងស្រុក​សំឡូត​នេះ​ហើយ ។

ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុកចិត្ត​នេះ​បាន​បញ្ជាក់​ថា កម្លាំង​បង្ក្រាប​នឹង​ប្រើ​ធម៌​ក្ដៅ​តែ​ម្ដង ដោយ​មិន​លើកលែង​ចំពោះ​ជន​ប្រព្រឹត្ត​ឡើយ ប្រសិនបើ​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ឬ​ពាក់ព័ន្ធ​នឹង​ការ​លាក់​បំពួន​ជន​ប្រព្រឹត្ត និង​វត្ថុ​តាង​បទល្មើស​ព្រៃឈើ ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ មហាជន​នៅ​តែ​ជឿ​ថា វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ អាច​នឹង​ត្រូវ​គេ​លាក់បាំង​នៅ​ក្នុងភូមិ​សាស្ត្រ​នានា​នៃ​ស្រុក​សំឡូត​នេះ​នៅឡើយ ពីព្រោះ​គេ​មិន​ដែល​ឃើញ​ក្រុមហ៊ុន​នេះ ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​សម្ភារ​នានា ឬ​រថយន្ត​បា​កុង​ចេញពី​ស្រុក​នេះ​ម្ដងណា​ទេ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ