រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេស អតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី១៤ និងទី១៥ ខែមីនា ឆ្នាំ២០២៦នេះ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារនេះ នឹងរៀបចំនៅ ក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកូនភ្នំ ៣២ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំប និងក្នុងបរិវេណសាលាស្រុកអូរជ្រៅ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៤ ខែមីនា។ ចំណែកថ្ងៃទី១៥ វេទិកាការងារនឹងរៀបចំនៅ ក្នុងបរិវេណសាលាបឋមសិក្សាភូមិថ្មី និងអនុវិទ្យាល័យបន្សាយត្រែង ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង និងនៅក្នុងបរិវេណសាលាស្រុកស្វាយចេក ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

អ្នកនាំពាក្យដដែលបានឱ្យដឹងថា ក្នុងវេទិកាការងារនេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើនចូលរួមផ្ដល់ឱកាសការងារជាង ៨ម៉ឺនកន្លែងជាមួយការសម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះអ្នកចូលរួមទាំងអស់ នឹងទទួលបានព័ត៌មាន អំពីឱកាសការងារដ៏សម្បូរបែប វគ្គបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គមផងដែរ ។ បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបានអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃ ថែមទៀតផង ។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវសាជាថ្មីម្តងទៀត ទៅដល់អតីតពលករដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសខេត្តជាប់ព្រំដែន ពិចារណារកឱកាសការងារ ក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន ៕ អត្ថបទសហការ



ចែករំលែកព័តមាននេះ