សង្គ្រាមអ៉ីរ៉ង់ ៖ មកដល់ថ្ងៃទី១៣ មីនា សង្គ្រាមប្រឆាំងអ៉ីរ៉ង់បានចូលដល់ថ្ងៃទី១៤ហើយ ដោយទាំងអ៉ីស្រាអែល និងអាមេរិកព្រមទាំងអ៉ីរ៉ង់ នៅតែបន្តវាយប្រហារគ្នាតាមអាកាស ។ កងទ័ពអ៉ីស្រា
អែលប្រកាសនាព្រឹកព្រលឹមថ្ងៃទី១៣ មីនា ថា បានវាយប្រហារសមាជិកចលនាហេសប៊ុលឡាហ៍លីបង់ម្នាក់នៅក្រុងបេរូតតែមិនផ្ដល់ភាពលម្អិតឡើយ ។ ចំណែកស្នូរផ្ទុះនានាលាន់ឮនៅភាគកណ្ដាលក្រុងឌូបៃ ។ បណ្ដាអ្នកកាសែតនៅឌូបៃរាយការណ៍ពីស្នូរផ្ទុះខ្លាំងៗ ធ្វើឲ្យរង្គើរដល់បណ្ដាអគារនៅឌូបៃ ហើយផ្សែងខ្មួលខ្មាញ់បានហុយទៅលើអាកាស នាព្រឹកថ្ងៃទី១៣ មីនា ។

ការិយាល័យសារព័ត៌មានក្រុងឌូបៃគូសបញ្ជាក់ក្នុងសេចក្ដីប្រកាសមួយថា បណ្ដាបំណែកមីស៊ីល ឬដ្រូនដែលស្ទាក់កម្ទេច បានធ្លាក់បណ្ដាលឲ្យមានការខូចខាតស្រាលដល់អគារការិយាល័យនោះ នាកណ្ដាលក្រុងឌូបៃតែមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ ។ ចំណែកក្រុមប្រដាប់អាវុធអ៉ីរ៉ាក់ស្និទ្ធអ៉ីរ៉ង់មួយ គឹក្រុមASHAB AL KAHF ប្រកាសនាថ្ងៃទី១៣មីនាថា ខ្លួននឹងវាយប្រហារលើបណ្ដាផលប្រយោជន៍បារាំងនៅអ៉ីរ៉ាក់ និងក្នុងតំបន់ក្រោយពីបារាំងបញ្ជូននាវាផ្ទុកយន្តហោះCHALES DE GAULLE មកកាន់ឈូងសមុទ្រ ។
ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែលម៉ាក្រុងអះអាង នាយប់ថ្ងៃទី១២ មក១៣ មីនា ថា នាយទាហានរងបារាំងម្នាក់បានត្រវស្លាប់ ក្នុងការវាយប្រហារដោយដ្រូននៅក្រុងអ័រប៊ីល តំបន់ឃើតឌីស្ថានអ៉ីរ៉ាក់ ។ នេះជាទាហានបារាំងដំបូងដែលស្លាប់ក្នុងសង្គ្រាមនៅឈូងសមុទ្រ ។ មុននេះទាហានបារាំង៦នាក់រងរបួស ក្នុងការវាយប្រហារដោយដ្រូនអ៉ីរ៉ង់លើក្រុងអ័រប៊ីលនេះដែរ។

ចំណែកសារព័ត៌មានអ៉ីរ៉ង់រៀបរាប់ នាថ្ងៃទី១៣ មីនា ថា ស្នូរផ្ទុះនានាបានលាន់ឮក្នុងផ្នែកជាច្រើននៃក្រុងតេហេរ៉ង់ កាលពីថ្ងៃទី១៣មីនា។ កងទ័ពអ៉ីរ់ង់ថ្លែង នាថ្ងៃទី១១មីនាថា ចង់វាយប្រហារបណ្ដាធនាគារ និងបណ្ដាមជ្ឈមណ្ឌលពាណិជ្ចកម្មអាមេរិក ក្នុងតំបន់ឈូងសមុទ្រ ចំណែកទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ TASNIM រៀបរាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកដែលនឹងយកជាគោលដៅវាយប្រហារនាពេលខាងមុខរបស់ខ្លួន ។ ក្រុមហ៊ុនយក្សទាំងនោះ មានដូចជាក្រុមហ៊ុន AMAZON GOOGLE MICROSOFT IBM ORACLE ឬ NVIDIAជាដើម ៕
ចែករំលែកព័តមាននេះ