រាជធានីភ្នំពេញៈអាជីវករលក់បន្លែនៅផ្សារជម្ពូវ័នម្នាក់បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យតេជោសន្តិភាពបន្ទាប់ពីជិះម៉ូតូសណ្ដោងរម៉កដឹកបន្លែជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿងដែលកំពុងឈប់ដកលុយនៅតាមផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាវេលាម៉ោង ០១និង ២៦ នាទីយប់រំលងអធ្រាត្រចូល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះមុខវិទ្យា ស្ថានជាតិពហុបច្ចេកទេសកម្ពុជាក្នុង ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតឈ្មោះឆិន ឆេង ភេទប្រុស អាយុ៥១ឆ្នាំមានទីលំនៅភូមិថ្មី ឃុំស្វាយនិពារ ស្រុកមុខកំពូល ខេត្តកណ្ដាលបានស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាព។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះរួមនិងភរិយាបានជិះម៉ូតូសណ្ដោងរម៉កទៅទិញបន្លែនៅផ្សារដើមករថ្មី ដើម្បីយកទៅលក់នៅផ្សារជម្ពូវ័ន។ខណៈពេលដែលធ្វើដំណើរត្រឡប់មកវិញក្នុងទិសដៅពីកើតទៅលិច ក៏បានជិះម៉ូតូបុកពីក្រោយរថយន្តទឹកទំនិញមួយគ្រឿងមិនស្គាល់ម៉ាកដែលអ្នកបើកបរកំពុងឈប់ដកលុយនៅចំណុចខាងលើ។
តាមព័ត៌មានបានឲ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះរ៉ឺម៉កម៉ូតូបានបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យអាជីវកររូបនោះបោកក្បាលរងរបួសធ្ងន់ចំណាយភរិយាដែលកំពុងតែដេកអង្រឹងនៅលើរ៉ឺម៉កពុំបណ្ដាឲ្យរងរបួសឡើយ។រម៉កបានរងការខូចខាតធ្ងន់ធ្ងរហើយបន្លែបានជ្រុះរាយប៉ាយពេញដងផ្លូវ។ភ្លាមៗត្រូវបានប្រជាពលរដ្ឋនិងសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាពដែលស្ថិតនៅក្បែរនោះតែអកុសលជីវកររូបនោះបានស្លាប់បាត់បង់ជីវិត។នៅក្នុងហេតុការណ៍នោះដែររថយន្តបានបើកគេចបាត់ស្រមោល។សព ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅស្រុកកំណើតដែលស្ថិតនៅភូមិទី៣ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីធ្វើបុណ្យតាមប្រពៃណី៕




ចែករំលែកព័តមាននេះ