រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការដឹកនាំរៀបចំអនុវត្ត គម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (Skills for Future Economy Sector Development Program-SFESDP) បានដឹកនាំកិច្ចប្រជុំគណៈកម្មការ លើកទី២ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅ អនុវត្តបន្តនៃការអនុវត្តគម្រោង ដោយមានការអញ្ជើញចូលរួមពីសមាជិក ដែលតំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាល និងវិស័យឯកជនពាក់ព័ន្ធ ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កិច្ចប្រជុំបានពិភាក្សាលើវឌ្ឍនភាពការងារ នៃការអនុវត្តគម្រោងក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក និងវាយតម្លៃពីដំណើរការអនុវត្ត ក៏ដូចជា ការផ្តល់យោបល់បន្ថែម ឱ្យស្របតាមសូចនាករទិសដៅ អភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាកម្លាំងពលកម្មជំនាញ ក្នុងវិស័យអាទិភាពចំនួន៣ រួមមាន៖ ជំនាញវិស្វកម្មឧស្សាហកម្ម (Industrial Engineering) បច្ចេកវិទ្យាបន្សីលោហៈ (Machining Technology) ជំនាញការសរសេរកូដភ្ជាប់បណ្តាញកុំព្យូទ័រ (IT Networks/Programming) នៅគ្រឹះស្ថានបណ្តុះបណ្តាល ចំនួន ៨ ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថែ្លងអំណរគុណ ចំពោះកិច្ចខិតខំអនុវត្តការងាររបស់សមាជិកគណៈកម្មការ ក៏ដូចជាគ្រឹះស្ថានបណ្តុះបណ្តាល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដ៏ល្អប្រសើរ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ជំនាញទាំងនេះ ក៏នឹងជួយទៅដល់ការអភិវឌ្ឍជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) ដែលជាមហិច្ឆតានៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាខឿនឧហ្សាហកម្មផងដែរ ។

តាមរយៈគម្រោងនេះ នឹងផ្តល់ការបណ្តុះបណ្តាល ដល់យុវជន និងកម្មករនិយោជិត ប្រមាណជាង ៣ម៉ឺននាក់ តាមរយៈគ្រឹះស្ថានបណ្តុះបណ្តាល និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា វានឹងក្លាយទៅជាឆ្អឹងខ្នងមួយ ដែលបំពេញនូវការខ្វះខាតជំនាញជាន់ខ្ពស់ពាក់ព័ន្ធជំនាញទាំងបីនេះ ។ ជារួម គម្រោងនេះសម្រេចបាននូវសមិទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ សមាជិកគណៈកម្មការ តំណាងវិស័យឯកជន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធក៏បានចែករំលែកពីបទពិសោធអនុវត្តល្អៗ ក៏ដូចជាបានលើកឡើង នូវសំណូមពរពាក់ព័ន្ធសំខាន់ៗផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញគ្រឹះស្ថានបណ្តុះបណ្តាលទាំង៨ ឱ្យព្យាយាមអស់លទ្ធភាពស្វះស្វែងរកកិច្ចសហការយ៉ាងជិតស្និទ្ធបន្ថែមទៀត ជាមួយវិស័យឯកជននៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុនពាក់ព័ន្ធនឹងជំនាញទាំងបីនេះ ។ កិច្ចសហការ ដែលភ្ជាប់ទៅនឹងការបណ្តុះបណ្តាល នៅកន្លែងការងារ (Work Base Learning)នេះ នឹងជួយផ្តល់ឱកាសដ៏មានតម្លៃ ដល់សិស្សចុះធ្វើកម្មសិក្សា ឬអនុវត្តការងារជាក់ស្តែង ហើយនៅពេលបញ្ចប់ការសិក្សា សិស្សមិនមែនចេះតែទ្រឹស្តីនោះទេ ។ លើសពីនេះ ក៏ត្រូវជំរុញការងារផ្សព្វផ្សាយ ពីគម្រោងបន្ថែមទៀត ជាពិសេស គឺដើម្បីទាក់ទាញសិស្សនារីឱ្យចុះឈ្មោះចូលរៀន ។

គួរបញ្ជាក់ថា គម្រោងនេះបានចាប់ផ្តើមអនុវត្តចាប់ពីចុង ឆ្នាំ២០២៤ រហូតដល់ចុង ឆ្នាំ២០៣០ ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ