ទីក្រុងតេហេរ៉ង់ ៖ ប្រទេសអ៉ីរ៉ង់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានសន្យាយ៉ាងមុតមាំថា នឹងធ្វើឱ្យសហរដ្ឋអាមេរិកស្តាយក្រោយចំពោះការវាយប្រហាររបស់ខ្លួន ដោយបន្ថែមថា ខ្លួននឹងបន្តបិទច្រកសមុទ្រហ័រមូស (Hormuz) ដែលបាននឹងកំពុងធ្វើឱ្យតម្លៃប្រេងឡើងថ្លៃយ៉ាងខ្លាំង។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP និង CNA បានចេញផ្សាយ។

ងាកទៅទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ណោះវិញ ក៏បានព្រមានដែរថា សង្គ្រាមនៅមជ្ឈិមបូព៌ាអាចនាំឱ្យមានការរំខានដល់ការផ្គត់ផ្គង់ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មប្រេង ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចេញសារមួយលើបណ្តាញទំនាក់ទំនងសង្គមដែរថា កម្ចាត់ចក្រភពអាក្រក់របស់អ៉ីរ៉ង់ គឺជារឿងដ៏សំខាន់ជាងតម្លៃប្រេងឆៅទៅទៀត។
បច្ចុប្បន្ន លោកត្រាំ ត្រូវបានគេមើលឃើញថា បានប្រឈមមុខនឹងសម្ពាធនយោបាយយ៉ាងខ្លាំង ខណៈផលប៉ះពាល់សេដ្ឋកិច្ចពិភពលោក បណ្តាលមកពីវិបត្តិដែលបាននឹងកំពុងកើនឡើង បើទោះបីជាលោកបានបង្ហោះសារជាច្រើនអំពីយុទ្ធនាការរបស់សហរដ្ឋអាមេរិកអាចបញ្ចប់នៅក្នុងពេលឆាប់ៗនេះ យ៉ាងណាក៏ដោយ។
ទាក់ទិនជាមួយនឹងបញ្ហានេះ លោក អាលី ឡារីចានី (Ali Larijani) ប្រធានសន្តិសុខអ៉ីរ៉ង់បានបញ្ជាក់នៅលើបណ្តាញសង្គម X ដូច្នេះថា «ខណៈពេលដែលការចាប់ផ្តើមសង្គ្រាម គឺងាយស្រួល ប៉ុន្តែវាមិនអាចឈ្នះបានដោយការបង្ហោះសារ (Tweet) បណ្តាញសង្គម X ២-៣ សារនោះទេ។ យើងនឹងមិនចុះចាញ់ទេ រហូតធ្វើឱ្យអ្នក (សហរដ្ឋអាមេរិក) ស្តាយក្រោយចំពោះការគណនាខុសដ៏ធ្ងន់ធ្ងរនេះ»។
សូមជម្រាបថា សាររបស់លោកអាលី ឡារីចានី បានកើតឡើងបន្ទាប់ពីមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ លោក មុច្ឆតាបា ខាមេនី (Mojtaba Khamenei) បានចេញសេចក្តីថ្លែងការណ៍ដ៏រឹងរូសមួយជាលើកដំបូងចាប់តាំងពីត្រូវបានតែងតាំងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីការស្លាប់ឪពុករបស់លោក និងអ្នកកាន់តំណែងមេដឹកនាំកំពូលមុន លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) ដោយវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។
លោក មុច្ឆតាបា ខាមេនី ដែលត្រូវបានគេរាយការណ៍ថារងរបួស មិនទាន់អាចបង្ហាញខ្លួនជាសាធារណៈនៅឡើយចាប់តាំងពីការតែងតាំងរបស់លោកនោះ បានផ្ញើសារដែលត្រូវបានអានដោយពិធីករម្នាក់នៅទូរទស្សន៍រដ្ឋ ដោយអំពាវនាវឱ្យមានការសងសឹក។ លោកបានលើកឡើងអំពីផ្លូវទឹកដែលជាពាណិជ្ជកម្មប្រេងដ៏សំខាន់របស់ពិភពលោកថា ត្រូវតែប្រើកម្លាំងបិទច្រកសមុទ្រហ័រមូស ៕
ចែករំលែកព័តមាននេះ