ទីក្រុងវ៉ាស៊ីនតោន៖ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាម៉េរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះចាក់ប្រេងប្រភេទ១គ្រឿង បានធ្លាក់នៅក្នុងទឹកដីភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ កំលុងពេលប្រតិបត្តិការ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី១៣ ខែមីនានេះ។
ក្នុងហេតុការណ៍នោះ មានយន្តហោះពីរគ្រឿងបានពាក់ព័ន្ធ ដោយមួយគ្រឿងបានធ្លាក់ និងមួយគ្រឿងទៀតបានចុះចតដោយសុវត្ថិភាព។ អាម៉េរិកបានបញ្ជាក់ថា នេះជាឧប្បត្តិហេតុដែលកើតឡើងក្នុងតំបន់ដែនអាកាសមិត្តភាព ហើយមិនមែនបង្កឡើងដោយការបាញ់ប្រហារពីសត្រូវ ឬការបាញ់ច្រឡំពីសមភាគីនោះទេ ខណៈប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តធ្វើឡើងយ៉ាងយកចិត្តទុកដាក់។
ការធ្លាក់យន្តហោះចាក់ប្រេងយុទ្ធសាស្ត្រនេះ កើតឡើងចំពេលដែលសហរដ្ឋអាម៉េរិកកំពុងបង្កើនសកម្មភាពយោធាយ៉ាងខ្លាំងក្លានៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ និងក្រុមប្រដាប់អាវុធនានា។ យន្តហោះប្រភេទ KC-135 គឺជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ជួយដល់យន្តហោះចម្បាំងផ្សេងៗឱ្យអាចហោះហើរបានក្នុងចម្ងាយឆ្ងាយ និងរយៈពេលយូរ។ បើទោះបីជាអាម៉េរិកអះអាងថាជាឧប្បត្តិហេតុបច្ចេកទេស ប៉ុន្តែការបាត់បង់យន្តហោះប្រភេទនេះក្នុងស្ថានភាពសង្គ្រាមកំពុងឡើងកម្ដៅ គឺជាការប៉ះពាល់មួយដល់សមត្ថភាពប្រតិបត្តិការអាកាសរបស់ខ្លួននៅក្នុងតំបន់៕
ចែករំលែកព័តមាននេះ