ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ កន្លងមកនេះ អនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណី Scam Online និងជនបរទេសដែលស្នាក់នៅខុសច្បាប់ នៅលើទីតាំងបឹងហ្គាឡូ គីម ឈី ស្ថិតនៅក្រុមទី១២ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

លទ្ធផលនៃប្រតិបត្តិការខាងលើនេះ គឺបានឃាត់ខ្លួនមនុស្ស១៣នាក់ និងវត្ថុតាងកុំព្យូទ័រ៨គ្រឿង ។ បច្ចុប្បន្ន ជនបរទេស និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋានដើម្បីបន្តនីតិវិធី ។
នេះគឺជាសកម្មភាពដ៏សំខាន់មួយ របស់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ជាពិសេស ទៅលើការបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា (Scam Online) និងការគ្រប់គ្រងជនបរទេសដែលស្នាក់នៅខុសច្បាប់ ដែលស្របទៅនឹងការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ។
ការចុះប្រតិបត្តិការ ដែលទទួលបានលទ្ធផលជាក់ស្តែងបែបនេះ គឺជាសារមួយយ៉ាងច្បាស់ដល់ក្រុមជនល្មើសថា សមត្ថកិច្ចកម្ពុជាមិនអត់ឱនចំពោះសកម្មភាពខុសច្បាប់ទាំងនេះឡើយ ៕
ចែករំលែកព័តមាននេះ