ទីក្រុងព្រុចសែល៖ ក្រុមប្រទេសមហាអំណាចអឺរ៉ុប រួមមានអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានប្រកាសផែនការបញ្ចេញប្រេងបម្រុងទុកក្នុងគ្រាអាសន្នសរុបចំនួន ៤០០ លានបារ៉ែល តាមការណែនាំរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី១២ ខែមីនានេះ។
វិធានការដ៏ធំមិនធ្លាប់មាននេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយសម្ពាធនៃតម្លៃឥន្ធនៈដែលកំពុងហក់ឡើងខ្ពស់ បន្ទាប់ពីការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហូម៉ូសត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ ដោយសារជម្លោះយោធារវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។
តម្លៃប្រេងឆៅបានហក់ឡើងដល់ជិត ២០០ ដុល្លារក្នុងមួយបារ៉ែល កាលពីដើមសប្តាហ៍នេះ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជិត ៤ ឆ្នាំ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ តម្លៃហ្គាសបានកើនឡើង ៥០% និងប្រេងឡើង ២៧%។ បច្ចុប្បន្ន ការនាំចេញប្រេងតាមច្រកហូម៉ូសបានធ្លាក់ចុះមកនៅក្រោម ១០% នៃកម្រិតធម្មតា ដែលបង្ខំឱ្យប្រទេសដូចជា អាល្លឺម៉ង់ បញ្ចេញប្រេងជិត ២០ លានបារ៉ែល បារាំង ១៤.៥ លានបារ៉ែល និងអង់គ្លេស ១៣.៥ លានបារ៉ែល ដើម្បីការពារសេដ្ឋកិច្ចពិភពលោកពីការដួលរលំ៕


ចែករំលែកព័តមាននេះ