រាជធានីភ្នំពេញ ៖ ប្រធានាធិបតីកូរ៉េថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធិក្នុងការប្រយុទ្ធប្រឆាំង Online Scam ។ នេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាបាន ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាថ្ងៃទី១២ មីនា លោក Kim Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់លោកប្រធានាធិបតីកូរ៉េ ចំពោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធិ ក្នុងការប្រយុទ្ធប្រឆាំង Online Scam និងបានសម្រេចសមិទ្ធផលវិជ្ជមានជាច្រើន ។
ក្នុងនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាត Online Scam ឱ្យអស់ពីកម្ពុជា ដោយរួមទាំងវិធានការទប់ស្កាត់ បង្ក្រាប អប់រំ និងកិច្ចសហការជាមួយមិត្តបរទេស ក៏ដូចជាមិត្តិកូរ៉េជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសារទរចំពោះលទ្ធផលល្អប្រសើរនៃប្រតិបត្តិការបង្ក្រាប Online Scam ដែលអនុវត្តដោយក្រុមការងាររួមនៃប្រទេសទាំងពីរ ។ យ៉ាងណាមិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបផងដែរ ពាក់ព័ន្ធនឹងការឯកភាពគ្នារៀបចំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនឹងផ្នែកឯកជន កម្ពុជា-កូរ៉េ នៅថ្ងៃទី៨ ខែមេសា ខាងមុខ ។
នាក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់ លោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំង Online Scam និងបានសម្រេចសមិទ្ធផលវិជ្ជមានជាច្រើនគួរជាទីមោទនៈ ដែលនឹងរួមចំណែកលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនសាធារណរដ្ឋកូរ៉េ។
លោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូតក៏បានស្នើសុំ លោកឧបនាយករដ្ឋមន្ត្រី ចូលរួមសម្របសម្រួល ដើម្បីឱ្យការរៀបចំខួប៣០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េនៅឆ្នាំក្រោយ អាចក្លាយជាព្រឹត្តិការណ៍ដ៏អធិកអធមបំផុត ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាថា នឹងជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជាសំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែច្រើន ៕
ចែករំលែកព័តមាននេះ