(រាជធានីភ្នំពេញ)៖ នៅក្នុងយុគសម័យឌីជីថលដែលព័ត៌មានមិនពិតអាចរីករាលដាលយ៉ាងឆាប់រហ័ស និងបង្កជាផលប៉ះពាល់ដល់សន្តិសុខសង្គម ប្រទេសចំនួន ៥ ក្នុងតំបន់មេគង្គ រួមមាន កម្ពុជា ចិន វៀតណាម ឡាវ និងភូមា(មីយ៉ាន់ម៉ា) បានសម្រេចចិត្តចាប់ដៃគ្នាបង្កើតសមរភូមិរួមមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ កិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ ត្រូវបានប្រកាសឡើងដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសបើកសម្ពោធគម្រោងមេគង្គ-ឡានឆាង ដំណាក់កាលទី២ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន។
បើតាម ឯកឧត្តមរដ្ឋមន្ត្រីក្រសួង អ្វីដែលជាចំណុចប្លែក និងពិសេសនៃយុទ្ធនាការដំណាក់កាលទី២ នេះ គឺការបោះជំហានចេញពីយុទ្ធនាការអប់រំក្នុងស្រុក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០២៥ ឆ្ពោះទៅរកការអនុវត្តជាលក្ខណៈតំបន់។ ក្រោមជំនួយឧបត្ថម្ភពីសាធារណរដ្ឋប្រជាមានិតចិន កម្ពុជានឹងសហការជាមួយប្រទេសជិតខាង ដើម្បីពង្រឹងការទូតព័ត៌មាន និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងលំហឌីជីថល ឱ្យកាន់តែមានសុវត្ថិភាព។ យុទ្ធនាការនេះមិនត្រឹមតែជាការការពារប៉ុណ្ណោះទេ ប៉ុន្តែវាជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៅក្នុងតំបន់ឱ្យកាន់តែរឹងមាំ ដើម្បីរួមគ្នាកសាងសន្តិភាព និងវិបុលភាព។
ឯកឧត្តម បានបញ្ជាក់ថា តាមផែនការដែលបានគ្រោងទុក ក្រសួងព័ត៌មាននឹងបើកយុទ្ធនាការនេះជាផ្លូវការនៅក្នុងខែឧសភា ឆ្នាំ២០២៦ ខាងមុខ ដោយផ្តោតសំខាន់លើការបង្កើនការយល់ដឹងដល់សាធារណជនតាមរយៈសារជាសំឡេង និងអក្សរនៅគ្រប់ទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយ។ លើសពីនោះ គឺការបង្កើតឱ្យមានក្រុមយុវជនស្ម័គ្រចិត្តប្រឆាំងព័ត៌មានក្លែងក្លាយក្នុងតំបន់ ដែលនឹងដើរតួជាភ្នាក់ងារយ៉ាងសកម្មក្នុងការតាមដាន និងទប់ស្កាត់ព័ត៌មានបំភ្លៃ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា វានឹងជួយឱ្យប្រជាពលរដ្ឋម្នាក់ៗមិនត្រឹមតែចេះស្គាល់ព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាភ្នាក់ងារការពារដ៏រឹងមាំ ដែលមានសមត្ថភាពផ្ទៀងផ្ទាត់ព័ត៌មាន និងចូលរួមចំណែកថែរក្សាសន្តិសុខព័ត៌មានក្នុងសង្គមទាំងមូល៕
ចែករំលែកព័តមាននេះ