រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានលើកឡើងនៅថ្ងៃទី១២ ខែមីនានេះថា កម្ពុជាមិនដែលបញ្ជូនពលករខ្មែរ ទៅធ្វើការងារនៅប្រទេសថៃនោះទេ ចាប់តាំងពីផ្ទុះសង្គ្រាមកន្លងមកនេះ ខណៈដែលក្នុងស្រុកកំពុងមានតម្រូវការ កម្លាំងពលកម្មខ្ពស់ ។

លោក ស៊ុន មេសា បានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ទេ ដោយបច្ចុប្បន្ននេះកម្លាំងពលកម្ម នៅក្នុងប្រទេសក៏កំពុងមានតម្រូវការខ្ពស់ដែរ ។ ដូច្នេះកម្ពុជាគ្មានហេតុផលអ្វី ដែលបញ្ជូនកម្លាំងពលកម្មរបស់ខ្លួន ទៅឱ្យប្រទេសថៃនោះទេ ។

លោកបន្តថា នៅក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម កសិ-ឧស្សាហកម្ម សេវាកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត កំពុងត្រូវការម្លាំងពលកម្មយ៉ាងច្រើន ដើម្បីជួយគាំទ្រឱ្យសង្វាក់ផលិតកម្ម នៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងនោះដំណើរការល្អ ។ តម្រូវការកម្លាំងពលកម្មពីសំណាក់រោងចក្រ/សហគ្រាសនាពេលនេះ គឺស្របពេលដែលកម្ពុជាកំពុងទទួលបាន នូវកម្លាំងពលកម្មជំនាញជាច្រើន ដែលទើបត្រឡប់មកពីធ្វើការក្នុងប្រទេសថៃ ។

លោកបញ្ជាក់ថា៖ «ចាប់តាំងពីមានសង្គ្រាមតាមព្រំដែនមក គឺយើងមិនដែលបញ្ជូនកម្លាំងពលកម្មយើងទៅកាន់ប្រទេសថៃទេ ហើយយើងក៏អត់ទាន់មានគោលការណ៍ថ្មី ក្នុងការបញ្ជូនកម្លាំងពលកម្មយើងធ្វើការងារ នៅប្រទេសថៃដែរ ។ ក្នុងនាមក្រសួងការងារ ខ្ញុំនៅតែអំពាវនាវឱ្យបងប្អូនពលករខ្មែរនៅថៃ សូមអញ្ជើញត្រឡប់មកធ្វើការងារ នៅក្នុងប្រទេសយើងវិញ ដែលអាចទទួលបានអត្ថប្រយោជន៍ច្រើន ជាងធ្វើការនៅប្រទេសថៃ» ។

បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងការងារបានខិតខំធ្វើការកែទម្រង់ស៊ីជម្រៅ លើផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន បង្កើនកម្លាំងពលកម្ម ឬធនធានមនុស្ស ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ និងមានលក្ខណៈប្រកួតប្រជែង សម្រាប់ការងារពេញមួយជីវិត ដើម្បីចូលរួមការគាំទ្រក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងស្រុកឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ