រាជធានីភ្នំពេញ ៖ ស្ត្រី៣នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែពួកនាងជិះម៉ូតូ១គ្រឿងឌុបគ្នាក្នុងល្បឿនលឿន ហើយពេលទៅដល់ចំណុចផ្លូវកោងបត់មិនទាន់ក៏ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវយ៉ាងពញទំហឹង រួចខ្ទាតផ្លោងបោកផ្ទប់បង្គោលផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម១តង់ទៀត ហើយខណៈនោះ២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យព្រះកុសុមៈ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីជិតភ្លឺថ្ងៃទី១៣ ខេមីនា ឆ្នាំ២០២៦ នៅលើមហាវិថីចោមចៅ(ផ្លូវវ៉េងស្រេង)ត្រង់ចំណុចផ្លូវកោង ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីទាំង៣នាក់នោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ក្នុងនោះមានម្នាក់តែងខ្លួនជាប្រុស ពួកនាងជិះម៉ូតូ១គ្រឿងម៉ាកHONDA SCOOPY ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 1LF-1164 ។
អ្នកដើរហាត់ប្រាណតាមផ្លូវខាងលើនោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញនារីទាំង៣នាក់នោះជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមមហាវិថីចោមចៅ(ផ្លូវវ៉េងស្រេង)ក្នុងទិសដៅពីកើតទៅលិច និងក្នុល្បឿនលឿនល្បឿន ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុផ្លូវកោងបត់មិនទាន់ក៏ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវពេញទំហឹងរួចខ្ទាតផ្លោងទៅបោកផ្ទប់បង្គោលផ្ទាំងស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម និងផ្លោងទៅចំណែកផ្លូវម្ខាងទៀត បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង២នាក់ ចំណែកឯម្នាក់ទៀតរបួសធ្ងន់ ។
ប្រភពដដែលនេះបានប្រាប់ឲ្យដឹងបន្តទៀតថា អ្នកស្លាប់នៅនឹងកន្លែង២នាក់នោះមានម្នាក់ជាស្ត្រីតែងខ្លួនជាប្រុស ហើយក្រោយពេលកើតហេតុសាកសពពួកនាងត្រូវបានគរបាននគរបាលនាំយកទៅតម្កលទុកនៅឈានដ្ឋានវត្តទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខរង់ចាំស្រាវជ្រាវរកក្រុមគ្រួសារ ។
ដោយឡែកស្ត្រីដែលរងរបួស ត្រូវបានក្រុមរុករកនិងសង្គ្រោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែដោយសារតែរបួសធ្ងន់ពេក នាងក៏បានស្លាប់នៅវេលាម៉ោង៦ព្រឹកថ្ងៃដដែលនោះទៅ បន្ទាប់មកនគរបាលខណ្ឌពោធិ៍សែនជ័យបាននាំយកម៉ូតូរបស់ពួកនាងទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ៕








អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ